មនុស្ស ១២នាក់បានបាត់បង់ជីវិត និងជាង ៣០នាក់កំពុងបាត់ខ្លួនក្រោយកប៉ាល់មួយគ្រឿងបានលិចនៅលើដែនសមុទ្រចិនខាងត្បូង
- BY
- Pheakdey
- July 5, 2022
ចិន៖ សាកសពមនុស្សចំនួន ១២នាក់ត្រូវបានរកឃើញនៅលើដែនសមុទ្រចិនខាងត្បូងបន្ទាប់ពីកើតមានហេតុការណ៍លិចកប៉ាល់មួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទ ទី៤ ខែកក្កដា ម្សិលមិញនេះ។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវនិងជួយសង្គ្រោះតាមសមុទ្រក្វាងទុងបានបញ្ជាក់ថា កប៉ាល់ដែលបានលិចនោះជាកប៉ាល់វិសកម្មរបស់អាជ្ញាធរចិន បានរងនូវការវាយប្រហារដោយខ្យល់ព្យុះទីហ្វុងដ៏កាចសាហាវមួយកាលពីអំឡុងថ្ងៃអាទិត្យកន្លងទៅហើយបានបាក់ជាពីរកំណាត់និងលិចកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅចម្ងាយប្រមាណជា ២៩៦គីឡូម៉ែត្រពីទីក្រុងហុងកុង។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ៣០នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន ខណៈគេមិនរំពឹងថាអ្នកបាត់ខ្លួនទាំងអស់នោះមានសំណាងនៅរស់មានជីវិតនោះទេ។ យ៉ាងណាក្តី ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅតែបន្តធ្វើឡើងយ៉ាងសកម្មបំផុត ដោយគិតត្រឹមពេលនេះអាជ្ញាធរបានដាក់ពង្រាយឧទ្ធម្ភាគចក្រចំនួន ៧គ្រឿង ទូកដឹកអ្នកដំណើរចំនួន ២៤៦គ្រឿង ទូកនេសាទចំនួន ៤៩៦គ្រឿង និងក្រុមអ្នកជួយសង្គ្រោះដែលមានជំនាញខ្ពស់ជាច្រើននាក់ដើម្បីធ្វើអន្តរាគមន៍ជុំវិញករណីគ្រោះថ្នាក់ដ៏អាណោចអាធ័មមួយនេះ។ បើតាមការសន្និដ្ឋានរបស់ក្រុមអ្នកសង្គ្រោះគឺកប៉ាល់វិសកម្មខាងលើនេះត្រូវបានរងនូវការវាយប្រហារដោយរលកទឹកកម្ពស់ ១០ម៉ែត្រ ដែលបានបោកបក់ក្នុងល្បឿនប្រមាណជា ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






