អន្តរជាតិ

WHO រាយការណ៍ថា ករណីឆ្លងជំងឺអុតស្វាកើនដល់ជាង ៥ពាន់នាក់ ខណៈក្នុងរយៈពេលជាង ១សប្តាហ៍ចុងក្រោយតួលេខអ្នកឆ្លងកើនឡើងជាង ៥០%

BY
Pheakdey
July 6, 2022

របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដាម្សិលមិញនេះបានបង្ហាញថា ករណីឆ្លងជំងឺអុតស្វា Monkeypox នៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ៥,៣២២ ករណីហើយ។ នៅក្នុងរបាយការណ៍ ដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Straits Times នោះក៏បានបង្ហាញផងដែរថា​ ប្រមាណជា ៨៥% នៃករណីឆ្លងសរុប គឺត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប ហើយក្នុងនោះក៏មានករណីអ្នកស្លាប់ ដោយជំងឺអុតស្វា Monkeypox ចំនួន ១នាក់ ផងដែរ។

បើតាមលោក Fadela Chaib ដែលជាអ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា របាយការណ៍ខាងលើនេះ គឺជាតួលេខអ្នកឆ្លងជំងឺអុតស្វា Monkeypox ដែលត្រូវបានរាប់ចាប់ពីថ្ងៃទី១ ខែមករា មកដល់ថ្ងៃទី៣០ ខែមិថុនា នៅក្នុងក្របខណ្ឌទូទាំងប្រទេស តែមិនរាប់បញ្ចូលករណីឆ្លងនៅតាមបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកខាងត្បូងឡើយ។ អ្នកនាំពាក្យឲ្យអង្គការសុខភាពពិភពលោករូបនេះក៏បានបញ្ជាក់ផងដែរថា បើគិតត្រឹមរយៈពេល ៨ថ្ងៃចុងក្រោយ នៃការបូកសរុបរបាយការណ៍ ពោលគឺគិតពីថ្ងៃទី២២ ខែមិថុនា មកដល់ចុងខែមិថុនា គេបានរកឃើញករណីឆ្លងថ្មីចំនួន ៣,៤១៣នាក់ ហើយបើធ្វើការប្រៀបធៀបគឺតួលេខអ្នកឆ្លងនេះ មានការកើនឡើងរហូតដល់ ៥៦% បើធៀបទៅនឹងរយៈពេលកន្លងមក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Straits Times

 

Share This Post: