អន្តរជាតិ

សិង្ហបុរីរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ក្នុងសហគមន៍ជាលើកដំបូង

BY
Pheakdey
July 7, 2022

សិង្ហបុរី៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox  នៅក្នុងសហគមន៍ជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់​បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី៦ ខែកក្កដានេះ។ ករណីឆ្លងជំងឺអុតស្វា Monkeypox ដំបូងនៅលើទឹកដីសិង្ហបុរីនោះគឺត្រូវបានរកឃើញចំពោះបុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុ ៤៥ឆ្នាំ ដែលទទួលបានសិទ្ធរស់នៅក្នុងប្រទេសសិង្ហបុរី ហើយលទ្ធផលតេស្តវិជ្ជមានរបស់អ្នកជំងឺរូបនេះត្រូវបានបញ្ជាក់ដោយអាជ្ញាធរសុខាភិបាលសិង្ហបុរីនៅល្ងាចថ្ងៃពុធ ម្សិលមិញនេះ។

បន្ទាប់ពីបានរកឃើញលទ្ធផលវិជ្ជមានចំពោះអ្នកជំងឺរូបនេះហើយ អាជ្ញាធរសុខាភិបាលសិង្ហបុរីក៏បានសម្រេចដាក់ឲ្យមនុស្សចំនួន ៣នាក់ផ្សេងទៀតដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺត្រូវធ្វើចត្តាឡីស័ករយៈ ២១ថ្ងៃផងដែរ ដោយក្នុងចំណោមអ្នកពាក់ព័ន្ធទាំងនោះគឺមាន ២នាក់ជាសមាជិកគ្រួសាររបស់អ្នកជំងឺ និងម្នាក់ទៀតជាមនុស្សដែលបានជួបគ្នានៅទីសាធារណៈ។ ចំពោះអ្នកជំងឺវិញគឺត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់មន្ទីរពេទ្យដាច់ដោយឡែកមួយ ហើយតាមក្រុមគ្រូពេទ្យសិង្ហបុរីបានបញ្ជាក់ថា អ្នកជំងឺនឹងត្រូវការពេលក្នុងចន្លោះពី ២-៤ សប្តាហ៍ទើបអាចជាសះស្បើយ​ពីជំងឺនេះបាន៕

Singapore confirms first local case of monkeypox infection

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

 

 

 

 

 

Share This Post: