WHO នឹងបើកកិច្ចប្រជុំបន្ទាន់មួយជុំវិញបច្ចុប្បន្នភាពជំងឺអុតស្វា Monkeypox ក្រោយករណីឆ្លងសកលកើនដល់ជាង ៦,០០០នាក់
- BY
- Pheakdey
- July 7, 2022
អង្គការសុខភាពពិភពលោកដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនឹងបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដានេះ។ កិច្ចប្រជុំបន្ទាន់នេះត្រូវបានរៀបចំឡើងក្រោយតួលេខអ្នកឆ្លងជំងឺអុតស្វា Monkeypox បានកើនដល់ជាង ៦,០០០ករណីនៅទូទាំងពិភពលោកនិងកំពុងរាតត្បាតនៅក្នុងប្រទេសចំនួន ៥៨ផ្សេងគ្នា ដោយមិនរាប់បញ្ចូលបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង ដែលជាតំបន់ធ្លាប់មានករណីឆ្លងជំងឺជាធម្មតានោះទេ។

បើតាមលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងចេញពីទីក្រុងហ្សឺណែវមកថា រលករាតត្បាតនៃជំងឺអុតស្វា Monkeypox បានឈានដល់កម្រិតខ្ពស់បំផុតមួយហើយ ពោលគឺជាកម្រិតប្រកាសអាសន្ន ដែលពិភពទាំងមូលត្រូវតែមានការប្រុងប្រយ័ត្ននិងរួមគ្នាទប់ស្កាត់ការចម្លងមេរោគឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន មុនពេលមេរោគបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ។ គួរបញ្ជាក់ជូនថា នៅក្នុងចំណោមករណីឆ្លងជំងឺអុតស្វា Monkeypox ទាំងអស់នោះគឺមានករណីឆ្លងប្រមាណជា ៨៥%ត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប ហើយក្នុងចំណោមអ្នកជំងឺទាំអស់នោះក៏មានអ្នកជំងឺម្នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






