ក្រសួងសាធារណការ អំពាវនាវឲ្យម្ចាស់យានយន្ត កុំឆ្លៀតឱកាសប្រើប្រាស់ការប្រមូលផ្តុំ បិទផ្លូវ ដើម្បីស្នើសុំ ឬទាមទារឲ្យលើកលែងលក្ខខណ្ឌណាមួយពាក់ព័ន្ធការច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស
យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបានចូលរួមសហការអនុវត្តតាមសេចក្តីណែនាំ និងបំពេញលក្ខខណ្ឌផ្សេងៗរបស់ក្រសួងនាពេលកន្លងមក។ ជាមួយគ្នានេះ ក្រសួងក៏នៅតែសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងនៅតែប្រកាន់ស្មារតីបន្តការចូលរួមសហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ដោយរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ មិនត្រូវធ្វើការប្រមូលផ្តុំប្តឹងតវ៉ា ដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត ធ្វើឲ្យប៉ះពាល់ដល់ពេលវេលា ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមអំពាវនាវដល់ ជាម្ចាស់យានយន្ត គ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ សូមមេត្តា កុំប្រេីឱកាសនៃការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឱ្យមានការលើកលែងលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត បង្កឱ្យមានកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឱ្យផ្លូវថ្នល់របស់យើងឆាប់ខូចមុនអាយុកាលកំណត់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន ដោយ ស្មារតីយោគយល់ អធ្យាស្រ័យ និងសហការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ប្រកបដោយ ការ ទទួល ខុសត្រូវខ្ពស់។

