អន្តរជាតិ

ករណីបាញ់ប្រហារលោក Shinzo Abe គឺជារឿងដ៏កម្រមួយនៅជប៉ុនដែលជាប្រទេសមានច្បាប់តឹងរឹងបំផុតលើការប្រើប្រាស់អាវុធ

BY
Pheakdey
July 8, 2022

ជប៉ុន៖ ករណីបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រីជប៉ុនកំពុងក្លាយជាប្រធានបទដ៏គួរឲ្យតក់ស្លុតបំផុត ដ្បិតនៅក្នុងប្រទេសជប៉ុនគឺវាកម្រនឹងកើតមានករណីឃាតកម្មដូចនេះណាស់ ហើយជប៉ុនក៏ជាប្រទេសដែលមានច្បាប់គ្រប់គ្រងលើការប្រើប្រាស់អាវុធយ៉ាងតឹងរឹងបំផុតផងដែរ។ ការបាញ់ប្រហារចំពោះលោក Shinzo Abe នៅពេលនេះគឺត្រូវបានគេចាត់ទុកជារឿងកម្របំផុតមួយ ព្រោះករណីឃាតកម្មចំពោះថ្នាក់ដឹកនាំដូចនេះមិនធ្លាប់កើតមាននៅលើទឹកដីជប៉ុនឡើយ​នៅក្នុងរយៈពេល ៩០ឆ្នាំចុងក្រោយនេះ។ អ្វីដែលជាការកត់សម្គាល់មួយទៀតនោះគឺជប៉ុនជាប្រទេសដែលមានច្បាប់យ៉ាងតឹងរឹងបំផុតក្នុងការកាន់កាប់អាវុធ ដូចនេះករណីដែលជនសង្ស័យអាចយកកាំភ្លើងមកប្រើប្រាស់នៅទីសាធារណៈតាមអំពើចិត្តនោះក៏ជារឿងកម្របំផុតមួយផងដែរ។

គួរកត់សម្គាល់ថា ជនសង្ស័យដែលបានធ្វើសកម្មភាពបាញ់ប្រហារទៅកាន់លោក Shinzo Abe នោះត្រូវបានគេស្គាល់ថាមានឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន និងជាទីកន្លែងដែលអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវអញ្ចើញទៅធ្វើសន្ទុរកថាឃោសនាបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសេរីផ្ទាល់នៅទីនោះតែម្តង។ ក្រោយការចាប់ខ្លួន ជនសង្ស័យបានប្រាប់ប៉ូលិសថា គាត់មិនពេញចិត្តនឹងលោក Shinzo Abe នោះទេជាពិសេសគឺមិនពេញនឹងជំនឿនយោបាយរបស់គាត់ ហើយគាត់ពិតជាមានបំណងចង់បាញ់សម្លាប់លោក Shinzo Abe ដោយផ្ទាល់តែម្តង។ ក្រោយកើតហេតុប៉ូលិសជប៉ុនក៏បានរឹបអូសវត្ថុតាងមួយដែលជនសង្ស័យបានប្រើប្រាស់ផងដែរ ហើយអ្វីដែលអាចធ្វើការសន្និដ្ឋានបានចំពោះអាវុធនោះនៅពេលនេះគឺវាជាកាំភ្លើងកែច្នៃមួយដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Strait Times 

 

Share This Post: