អន្តរជាតិ

ជប៉ុនកាន់ទុក្ខលោក Shinzo Abe ទូទាំងប្រទេស ខណៈស-ពត្រូវបានដង្ហែរទៅដល់ទីក្រុងតូក្យូហើយ

BY
Pheakdey
July 9, 2022

ជប៉ុន៖ ជប៉ុនរៀបចំពិធីកាន់ទុក្ខចំពោះមរណភាពលោក Shinzo Abe នៅទូទាំងប្រទេស ខណៈសពរបស់លោកត្រូវបានដង្ហែរទៅដល់ទីក្រុងតូក្យូហើយ នៅព្រឹកថ្ងៃសោរ៍ ទី៩ ខែកក្កដានេះ។ សម្រាប់ប្រជាជនភាគច្រើនបានចាត់ទុកការបាត់បង់អតីតនាយករដ្ឋមន្ត្រីរូបនេះថា គឺជាការបាត់បង់វីរៈបុរសជាតិ និងជាការបាត់បង់ធនធានមនុស្សដ៏មានសក្កានុពលម្នាក់ផងដែរ។ ករណីឃាតកម្មរបស់លោក Shinzo Abe នៅលើទឹកដីជប៉ុនក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅជុំវិញពិភពលោកផងដែរ ដ្បិតវាជាករណីកម្របំផុតក្នុងប្រវត្ថិសាស្រ្តជប៉ុន ខណៈជប៉ុនក៏ជាប្រទេសដែលមានច្បាប់គ្រប់គ្រងលើការប្រើប្រាស់អាវុធយ៉ាងតឹងរឹងផងដែរ។

គួរបញ្ជាក់ជូនថា លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញសម្លាប់កាលពីព្រឹកថ្ងៃទី៨ ខែកក្កដាម្សិលមិញនេះ ខណៈដែលលោកកំពុងថ្លែងសុន្ទរកថាមួយនៅឯទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន។ ខ្មាន់កាំភ្លើងដែលជាឃាតកបាញ់សម្លាប់លោក Shinzo Abe ត្រូវ​បានគេស្គាល់ថា មានឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ និងធ្លាប់បម្រើការងារក្នុងកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនផងដែរនាពេលកន្លងមក។

ខ្មាន់កាំភ្លើងបានប្រាប់ប៉ូលិសថា គាត់មិនពេញចិត្តនឹងជំនឿនយោបាយរបស់ Shinzo Abe នោះទេ ទើបរូបគាត់មានបំណង់ចង់បាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីរូបនេះតែម្តង។ យ៉ាងណាក្តី ពេលនេះប៉ូលិសជំនាញជប៉ុនក៏កំពុងបើកការស៊ើបអង្កេតជុំវិញករណីឃាតកម្មដ៏កម្រនេះបន្ថែមទៀតផងដែរ ដើម្បីស្វែងរកជនពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាស្វែងរកប្រភពដែលបានផ្តល់កាំភ្លើងដល់បុរសជាខ្មាន់កាំភ្លើង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia 

Share This Post: