អាមេរិកផ្តល់ជំនួយយោធាតម្លៃ ៤០០លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន
- BY
- Pheakdey
- July 9, 2022
អាមេរិក៖ សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយផ្នែកយោធាតម្លៃ ៤០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ ពីព្រឹកថ្ងៃសោរ៍ ទី៩ ខែកក្កដានេះ។ នៅក្នុងកញ្ចប់ជំនួយតម្លៃ ៤០០លានដុល្លារនេះនឹងមានបញ្ចូលនូវអាវុធនិងសម្ភារៈយោធាសំខាន់ៗជាច្រើនមិនខុសពីកញ្ចប់ជំនួយមុនៗឡើយ តែអ្វីដែលជាការកត់សម្គាល់ចំពោះជំនួយថ្មីនេះគឺអាមេរិកបានដាក់បញ្ចូលយ៉ាងច្រើននូវប្រភេទកាំភ្លើងធំដែលអាចបាញ់ផ្លោងបានក្នុងរយៈចម្ងាយឆ្ងាយប្រភេទ High-Precision Artillery។

ការសម្រេចផ្តល់ជូនយ៉ាងច្រើននូវអាវុធប្រភេទ High-Precision Artillery នេះគឺត្រូវបានធ្វើឡើងដោយផ្អែកលើភាពចាំបាច់ជាក់ស្តែងនៅសមរភូមិអ៊ុយក្រែន ដ្បិតស្ថានភាពក្នុងពេលនេះគឺកងកម្លាំងអ៊ុយក្រែនត្រូវការកាំភ្លើងធំនិងគ្រាប់ជាច្រើនសម្រាប់បាញ់កម្ទេចមូលដ្ឋានទ័ពរុស្ស៊ីពីទីតាំងឆ្ងាយៗ។ គួររម្លឹកជូនថា នាពេលកន្លងមកលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ធ្លាប់បានថ្លែងបញ្ជាក់ថា អាមេរិកនិងអង្គការណាតូគឺត្រូវបានរួមគ្នាតែមួយក្នុងការជួយគាំទ្រអ៊ុយក្រែនក្នុងរយៈពេលវែង ពោលគឺបន្តផ្តល់ជំនួយនិងការគាំទ្រផ្សេងៗចំពោះប្រទេសអ៊ុយក្រែនរហូតដល់សង្គ្រាមត្រូវបានបិទបញ្ចប់ មិនថាសង្គ្រាមនោះត្រូវអូសបន្លាយក្នុងរយៈពេលយូរប៉ុនណានោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






