អន្តរជាតិ

ម៉ាកាវសម្រេចបិទគ្រប់កាស៊ីណូនិងទីតាំងអាជីកម្មជាច្រើននៅទូទាំងក្រុង ក្រោយចំនួនអ្នកឆ្លងកូវីដ-១៩បន្តកើនឡើងគួរឲ្យបារម្ភ

BY
Pheakdey
July 11, 2022

ម៉ាកាវ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដានេះអាជ្ញាធរក្រុងម៉ាកាវបានប្រកាសបិទខ្ទប់គ្រប់កាស៊ីណូនៅទូទាំងទីក្រុង ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ការសម្រេចបិទខ្ទប់ទីតាំងអាជីវកម្មដែលជាចរន្តសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុងជាលក្ខណៈទ្រង់ទ្រាយធំនៅពេលនេះគឺជាការបិទខ្ទប់លើកដំបូងហើយ បើរាប់ចាប់តាំងពីពេលផ្តើមមានការរាតត្បាតជំងឺកូវីដ-១៩ជាសកលមក ខណៈវិធានការនេះត្រូវបានដាក់ចេញភ្លាមៗក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅទូទាំងទីក្រុងបន្តកើនឡើងយ៉ាងគំហុក។

 បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times បានបញ្ជាក់ថា វិធានការបិទខ្ទប់នេះនឹងត្រូវអនុវត្តក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយក្រៅតែពីកាស៊ីណូក៏នៅមានទីតាំងអាជីវកម្មដែលមិនសូវចាំបាច់មួយចំនួនទៀតនឹងត្រូវបិទខ្ទប់ផងដែរ ខណៈទីតាំងអាជីវកម្មដែលអាចនៅបើកដំណើរបាននោះមានដូចជាមន្ទីរពេទ្យ កន្លែងលក់ថ្នាំពេទ្យ និងផ្សារទំនើបជាដើម។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមកម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្រមាណជា ១,៥០០នាក់ និងបានដាក់ឲ្យពលរដ្ឋប្រមាណជា ១៩,០០០ត្រូវធ្វើចត្តាឡីស័ក ខណៈម៉ាកាវនៅមិនទាន់រកឃើញអ្នកស្លាប់ដោយកូវីដ-១៩នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Straits Times

 

Share This Post: