អូស្រ្តាលីជំរុញឲ្យពលរដ្ឋធ្វើការងារនៅតាមផ្ទះជាថ្មីម្តងទៀត ក្រោយកូវីដ-១៩ កំពុងផ្ទុះខ្លាំងឡើងវិញ
- BY
- Pheakdey
- July 20, 2022
អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីបានណែនាំឲ្យស្ថាប័នប្រកបអាជីវកម្មទាំងអស់អនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការងារនៅតាមផ្ទះជាថ្មីម្តងទៀត ក្រោយរលកនៃការរាតត្បាតជំងឺកូវីដ-១៩ហាក់កំពុងផ្ទុះខ្លាំងឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២០ ខែកក្កដានេះ។ ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលីបានកើនដល់កម្រិតខ្ពស់ជាង ៣០០,០០០នាក់ក្នុងមួយថ្ងៃនៅក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ។

បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ជាថ្មីម្តងទៀតនេះគឺជារលកទី ៣ហើយសម្រាប់ប្រទេសអូស្ត្រាលី ហើយមេរោគដែលកំពុងបង្កការចម្លងយ៉ាងលឿននៅតាមសហគមន៍នោះគឺជាមេរោគបំប្លែងខ្លួនអូមីក្រុង BA.4 និងBA5។ អាជ្ញាធរអូស្រ្តាលីក៏បានឲ្យដឹងផងដែរថា គិតត្រឹមពេលនេះគឺមន្ទីរពេទ្យជាច្រើនសុទ្ធតែបានផ្ទុកអ្នកជំងឺកូវីដ-១៩ជិតពេញអស់ហើយ ខណៈអាជ្ញាធរក៏កំពុងត្រៀមសាងសង់មន្ទីរពេទ្យនៅតាមទីវាលបន្ថែមទៀតផងដែរ ប្រសិនបើចំនួនអ្នកឆ្លងបានកើនឡើងច្រើនជាងនេះទៀត។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៨,៩លាននាក់ និងស្លាប់ជាង ១ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






