អន្តរជាតិ

អាមេរិករកឃើញអ្នកកើតជំងឺ “គ្រុនស្វិតដៃជើង” ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ

BY
Pheakdey
July 22, 2022

អាមេរិក៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដានេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានរកឃើញករណីអ្នកឆ្លងជំងឺ “ប៉ូលីយ៉ូ” ឬជាធម្មតាគេតែងហៅថាជំងឺ “គ្រុនស្វិតដៃជើង” ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ។ បើតាមអាជ្ញាធរសុខាភិបាលក្រុង New York បានប្រាប់ឲ្យដឹងថា ករណីវិជ្ជមានជំងឺ “ប៉ូលីយ៉ូ”នៅលើទឹកដីអាមេរិកនៅពេលនេះគឺត្រូវបានរកឃើញចំពោះយុវជនវ័យក្មេងម្នាក់រស់នៅក្នុងតំបន់ Rockland នៃរដ្ឋ New York State ខណៈយុវជនរូបនេះមិនធ្លាប់មានប្រវត្តិធ្វើដំណើរចេញក្រៅប្រទេសនោះទេ។ ដូចនេះគឺវាមានន័យថា មេរោគនៃជំងឺ “ប៉ូលីយ៉ូ” បន្តមានវត្តមាននៅលើទឹកអាមេរិក បើទោះជាអាមេរិកមានវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺប្រភេទនេះយ៉ាងច្រើនក៏ដោយ។

គេនៅចាំបានថា កាលពីឆ្នាំ ២០០០ អាមេរិកក៏បានរកឃើញអ្នកឆ្លងជំងឺ “ប៉ូលីយ៉ូ” គួរឲ្យកត់សម្គាល់មួយករណីផងដែរ ដោយអ្នកជំងឺរូបនោះជាបុរសម្នាក់ដែលទទួលថ្នាំលេបប្រឆាំងនឹងជំងឺប្រភេទនេះរួចទៅហើយ។ នៅពេលនោះក្រុមអ្នកជំនាញអាមេរិកបានដាក់ការសង្ស័យថា មេរោគនៃជំងឺ “ប៉ូលីយ៉ូ” អាចបន្តមានវត្តមាន (តែក្នុងចំនួនតិចតួចបំផុត) នៅក្នុងតំបន់ដែលគេចែកចាយវ៉ាក់សាំងជាថ្នាំលេប ខណៈនៅតាមតំបន់ដែលគេបានប្រើប្រាស់វ៉ាក់សាំងជាថ្នាំចាក់គឺមិនដែលមានករណីអ្នកឆ្លងឡើងវិញនោះទេ។ យ៉ាងណាក្តី ចាប់តាំងពីឆ្នាំ ២០១៣មក អាមេរិកមិនដែលរកឃើញអ្នកឆ្លងជំងឺ “ប៉ូលីយ៉ូ” ឡើយ ហើយស្រាប់តែពេលនេះក៏មានករណីឆ្លងថ្មីត្រូវបានរកឃើញយ៉ាងភ្ញាក់ផ្អើលបំផុតតែម្តង។ សូមបញ្ជាក់ជូនថា ជំងឺ “ប៉ូលីយ៉ូ” បានរាតត្បាតនៅក្នុងប្រទេសចំនួន ១២៥ផ្សេងគ្នានៅជុំវិញពិភពលោកអស់រយៈពេលជាច្រើនថ្នាំមកហើយ តែការរាតត្បាតបានធ្លាក់ចុះអស់ ៩៩% នៅឆ្នាំ ១៩៨៨ ខណៈពិភពលោកបានកត់ត្រាអ្នកឆ្លងសរុបប្រមាណជា ៣៥០,០០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: