អន្តរជាតិ

អ៊ុយក្រែន-រុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក

BY
Pheakdey
July 22, 2022

តួគី៖ ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសម្របសម្រួលឲ្យភាគីខាងអ៊ុយក្រែនអាចនាំចេញនូវគ្រាប់ធញ្ញជាតិសំខាន់ៗមួយចំនួនទៅកាន់ពិភពលោក ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារដែលកំពុងកើតមានក្នុងប្រទេសក្រីក្រមួយចំនួនក្នុងពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា កម្មវិធីចុះហត្ថលេខាខាងលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃសុក្រ ទី២២ ខែកក្កដានេះ នៅក្នុងទីក្រុង​ Ankara នៃប្រទេសតួគី។ ប្រភពលោកខាងលើបានបន្តថា តាមគម្រោងគឺលោក Antonio Guterres ដែលជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិក៏នឹងត្រូវអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាដ៏ពិសេសនេះផងដែរ។

គួររម្លឹកជូនថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមកគឺអ៊ុយក្រែនបានខកខាននាំចេញនូវគ្រាប់ធញ្ញជាតិសំខាន់ៗជាច្រើនប្រភេទ ដ្បិតកងទ័ពរុស្ស៊ីបានឡោមព័ន្ធនិងគ្រប់គ្រងកំពង់ផែធំៗរបស់អ៊ុយក្រែននៅឯសមុទ្រខ្មៅជាច្រើនខែមកហើយ។ តាមការប៉ាន់ស្មានគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលត្រូវបិទខ្ទប់មិនអាចនាំចេញបាននោះមានទម្ងន់សរុបប្រហែលជា ២៥លានតោន ហើយបញ្ហានេះបានធ្វើឲ្យតម្លៃស្បៀងអាហារនៅតាមបណ្តាប្រទេសមួយចំនួនដែលធ្លាប់តែនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនោះត្រូវឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានផងដែរ។ គេរំពឹងថាតាមរយៈកិច្ចព្រមព្រៀងខាងលើនេះនឹងជួយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកបានមួយផ្នែក ខណៈពិភពលោកកំពុងប្រឈមនឹងបញ្ហាឡើងថ្លៃនៃតម្លៃប្រេងឥន្ទនៈនិងហ្គាសរួចទៅហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: