អន្តរជាតិ

សិង្ហបុរីប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ អូមីក្រុង BA.2.75 ក្នុងសហគមន៍ចំនួន ៦ករណី

BY
Pheakdey
July 23, 2022

សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង  BA.2.75 ចំនួន ៦ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នេះគឺជាករណីឆ្លងនៅក្នុងសហគមន៍ និងត្រូវបានរកឃើញកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ។

បច្ចុប្បន្នអ្នកជំងឺទាំងអស់នោះកំពុងត្រូវបានគេដាក់ព្យាបាលឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺកូវីដ-១៩ផ្សេងទៀត ដើម្បីឲ្យគេងាយស្រួលតាមដានស្ថានភាពសុខភាពរបស់ពួកគេ ខណៈគិតត្រឹមពេលនេះក្រុមអ្នកជំងឺនៅមិនទាន់មានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ សូមបញ្ជាក់ជូនថា មេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុង  BA.2.75 គឺជាវ៉ារ្យ៉ង់ថ្មីដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុង BA.2 ហើយគិតត្រឹមពេលនេះអង្គការសុខភាពពិភពលោកនៅមិនទាន់សម្រេចដាក់បញ្ចូលមេរោគថ្មីនេះក្នុងបញ្ជីឈ្មោះមេរោគផ្លូវការនៅឡើយទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថាវាអាចបង្កគ្រោះថ្នាក់កម្រិតណានោះដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: