អាមេរិកបន្ថែមជំនួយតម្លៃ ២៧០លានដុល្លារទៅកាន់អ៊ុយក្រែនដោយក្នុងនោះមានមួយផ្នែកគឺជាយន្តហោះចម្បាំងគ្មានមនុស្សបើកពិសេសមួយប្រភេទ
- BY
- Pheakdey
- July 23, 2022
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី២២ ខែកក្កដានេះបានសម្រេចផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃសរុបចំនួន ២៧០លានដុល្លារបន្ថែមទៀតទៅកាន់ប្រអេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ កញ្ចប់ជំនួយនេះត្រូវបានផ្តល់ជូនក្នុងលក្ខខណ្ឌចាំបាច់បន្ទាន់មួយ ពោលគឺដើម្បីឆ្លើយតបជាមួយនឹងស្ថានភាពសមរភូមិនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

បើតាមលោក John Kirby ដែលជាអ្នកនាំពាក្យឲ្យសេតវិមានអាមេរិកបានបញ្ជាក់ថា កញ្ចប់ជំនួយយោធាខាងលើនេះត្រូវបែងចែកជា ២ផ្នែក ដោយជំនួយមួយផ្នែកដែលមានតម្លៃ ១០០លានដុល្លារគឺសម្រាប់គ្របដណ្តប់លើការផ្តល់ជូនយន្តហោះគ្មានមនុស្សបើកប្រភេទ AEVEX Aerospace LLC’s Phoenix Ghost ដែលជាប្រភេទយន្តហោះចម្បាំងដ៏ឆ្លាតវ័យបំផុតមួយ ព្រោះវាអាចហោះហើរបានឆ្ងាយនិងអាចកំណត់គោលដៅត្រូវហោះទៅបំផ្ទុះបានដោយគ្រាន់តែមានការចុចបញ្ជាពីចម្ងាយប៉ុណ្ណោះ។ ដោយឡែកសម្រាប់ជំនួយតម្លៃ ១៧០លានដុល្លារផ្សេងទៀតនឹងត្រូវផ្តល់ជូនជាសម្ភារៈយោធាទូទៅ រួមមានគ្រាប់កាំភ្លើង កាំភ្លើង សម្ភារៈវេជ្ជសាស្រ្ត និងនិងសម្ភារៈសំខាន់មួយចំនួនទៀតសម្រាប់ក្រុមកងទ័ពប្រើប្រាស់នៅលើសមរភូមិ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






