ជប៉ុនប្រកាសពីការរកឃើញអ្នកឆ្លងជំងឺអុតស្វាជាលើកដំបូង
- BY
- Pheakdey
- July 26, 2022
ជប៉ុន៖ ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដានេះ បានធ្វើការប្រកាសពីការរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោកស្រី Yuriko Koike ដែលជាអភិបាលក្រុងតូក្យូបានបញ្ជាក់ថា អ្នកជំងឺអុតស្វា Monkeypox រូបនេះគឺជាបុរសជនជាតិជប៉ុនម្នាក់ ដែលមានអាយុជាង ៣០ឆ្នាំ និងមានប្រវត្តិទើបធ្វើដំណើរត្រលប់មកពីតំបន់អឺរ៉ុបកាលពីពេលថ្មីៗនេះ។

លោកស្រីអភិបាលក្រុងតូក្យូរូបនេះបានបន្ថែមថា បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្រុងតូក្យូ តែរូបគាត់មិនបានបញ្ជាក់ពីស្ថានភាពរបស់អ្នកជំងឺ និងចំនួនមនុស្សដែលមានការពាក់ព័ន្ធឡើយ។ គួរបញ្ជាក់ថា បើយោងទៅតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងអាមេរិកបានបង្ហាញថាគិតត្រឹមថ្ងៃទី២២ ខែកក្កដានេះ ជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ១៦,៨០០នាក់នៅក្នុងប្រទេសចំនួន ៧៤ផ្សេងគ្នានៅជុំវិញពិភពលោកដោយមិនរាប់បញ្ចូលប្រទេសនៅក្នុងតំបន់អាហ្វ្រិកឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






