បុរសម្នាក់បានក្លាយជាអ្នកជំងឺអេដស៍ទី៤ នៅលើពិភពលោក ដែលត្រូវគេព្យាបាលឲ្យជាសះស្បើយ ១០០%
- BY
- Pheakdey
- July 28, 2022
ក្រុមអ្នកស្រាវជ្រាវផ្នែកជំងឺអេដស៍កម្រិតពិភពលោកបានប្រកាសកាលពីថ្ងៃពុធ ទី២៧ ខែកក្កដានេះថា បានទទួលជោគជ័យក្នុងការព្យាបាលអ្នកជំងឺអេដស៍ម្នាក់ទៀតហើយឲ្យជាស្បះស្បើយ ១០០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ Channel News Asia។ អ្នកជំងឺដែលទើបត្រូវបានព្យាបាលឲ្យជាសះស្បើយពីជំងឺអេដស៍រូបនេះ គឺជាបុរសអាយុ ៦៦ឆ្នាំម្នាក់ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះឲ្យថា City of Hope ខណៈអត្តសញ្ញាណពិតប្រាកដរបស់គាត់មិនត្រូវបានបង្ហាញជាសាធារណៈឡើយដើម្បីរក្សាកិត្តិយសរបស់គាត់។

ប្រភពខាងលើបានបន្តថា អ្នកជំងឺ City of Hope ទទួលបានការព្យាបាលនៅមជ្ឈមណ្ឌលមួយកន្លែងនៅក្នុងរដ្ឋ Californian សហរដ្ឋអាមេរិក ហើយរូបគាត់គឺជាអ្នកជំងឺអេដស៍ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយទី ២ សម្រាប់នៅក្នុងឆ្នាំនេះ ខណៈគិតត្រឹមពេលនេះគឺមានអ្នកជំងឺអេដស៍នៅជុំវិញពិភពលោកសរុបចំនួន ៤នាក់ហើយដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០%នោះ។ សូមបញ្ជាក់ថា ដើម្បីទទួលបានការព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយដល់កម្រិត ១០០%នេះ គឺដំបូងឡើយគេត្រូវការមានអ្នកស្ម័គ្រចិត្តបរិច្ចាគកោសិកាខ្លួនឯងជាមុនសិន ហើយជាទូទៅការបរិច្ចាគនេះត្រូវបានធ្វើឡើងដោយអ្នកជំងឺដែលដឹងថាខ្លួនជិតស្លាប់ទៅហើយ។ ក្រោយទទួលបានកោសិកាសម្រាប់ផ្លាស់ប្តូរហើយ គេក៏ត្រូវការពេលវេលាយូរបន្ថែមទៀតផងដែរដើម្បីវះកាត់ប្តូរកោសិកាទាំងអស់នោះបន្តិចម្តងៗទៅក្នុងខ្លួនអ្នកជំងឺអេដស៍រហូតដល់កោសិកានៅក្នុងខ្លួនរបស់អ្នកជំងឺត្រូវបានផ្លាស់ប្តូរទាំងស្រុង ពោលគឺជាដំណើរការនៃការផ្លាស់ប្តូរកោសិកាដែលមានផ្ទុកមេរោគអេដស៍ចេញនិងជំនួយមកវិញនូវកោសិកាថ្មីមួយទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






