ឥណ្ឌាក្លាយជាប្រទេសអាស៊ីដំបូងគេដែលបានរកឃើញអ្នកបាត់បង់ជីវិតដោយជំងឺអ៊ុតស្វា Monkeypox
- BY
- Pheakdey
- August 2, 2022
ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូងកាលពីថ្ងៃចន្ទ ទី១ ខែសីហាម្សិលមិញនេះ ខណៈករណីស្លាប់នេះបានក្លាយជាករណីមានអ្នកស្លាប់ដោយជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូងនៅក្នុងតំបន់អាស៊ីផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុរសជនជាតិឥណ្ឌាអាយុ ២២ឆ្នាំ រស់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។

គួររម្លឹកជូនថា កាលពីសប្តាហ៍មុនអាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបាន រកឃើញអ្នកស្លាប់ដោយជំងឺអ៊ុតស្វា Monkeypox ចំនួន ២ករណី ខណៈប្រទេសប្រេស៊ីលក៏បានរកឃើញអ្នកស្លាប់ចំនួន ១ករណីផងដែរ។ ដូចនេះករណីស្លាប់របស់បុរសជនជាតិឥណ្ឌាខាងលើនេះគឺជាករណីអ្នកស្លាប់ទី ៤ហើយនៅក្នុងរលកនៃការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ក្នុងពេលបច្ចុប្បន្ននេះ។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានចម្លងទៅកាន់មនុស្សជាង ១៨,០០០នាក់នៅក្នុងប្រទេសចំនួន ៧៨ផ្សេងគ្នានៅជុំវិញពិភពលោក ដោយមិនរាប់បញ្ចូលករណីឆ្លងនៅក្នុងតំបន់អាហ្វ្រិកនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






