អន្តរជាតិ

ចិនផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុក

BY
Pheakdey
August 4, 2022

ចិន៖ នៅទីបំផុតចិនបានសម្រេចបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ។ តាមគម្រោងគឺសមយុទ្ធយោធារបស់កងទ័ពចិននឹងចាប់ផ្តើមនៅម៉ោង ១២ថ្ងៃត្រង់ ខណៈនៅក្នុងការធ្វើសមយុទ្ធយោធានោះនឹងមានទាំងសកម្មភាពហ្វឹកហាត់របស់យោធា និងសកម្មភាពបាញ់កាំភ្លើងដោយប្រើគ្រាប់ពិតផងដែរ។

ប្រភពខាងលើបានបន្តថា សមយុទ្ធយោធារបស់កងទ័ពចិននឹងត្រូ​វរៀបចំឡើងក្នុងទីតាំងដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ពោលគឺនៅតំបន់ដែនសមុទ្រដែលជាផ្លូវទឹកដ៏មមាញឹកមួយរបស់ពិភពលោក។ សូមបញ្ជាក់ជូនថា ចិនបានសម្រេចធ្វើសមយុទ្ធយោធាទ្រង់ទ្រាញធំភ្លាមៗក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ ក្រៅតែពីធ្វើសមយុទ្ធយោធា ចិនក៏បានសម្រេចដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់ផងដែរ ដូចជាចិនបានបិទការនាំចូលផ្លែក្រូចនិងត្រីពីកោះតៃវ៉ាន់ ខណៈចិនបានផ្អាកនាំចេញខ្សាច់ទៅកោះតៃវ៉ាន់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: