អាមេរិកសម្រេចប្រកាសដាក់ជំងឺអុតស្វា Monkeypox ជា “ភាពអាសន្ននៃសុខភាពសាធារណៈ”
- BY
- Pheakdey
- August 5, 2022
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា កន្លងទៅនេះបានសម្រេចប្រកាសទទួលស្គាល់ជំងឺអុតស្វា Monkeypox ជា “ភាពអាសន្ននៃសុខភាពសាធារណៈ” ហើយនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ សេចក្តីសម្រេចរបស់អាជ្ញាធរសុខាភិបាលអាមេរិកមួយនេះនឹងមានសុពលភាពក្នុងរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈអាជ្ញាធរក៏អាចបន្តសេចក្តីសម្រេចឲ្យមានសុពលភាពយូរជាងនេះផងដែរ ប្រសិនបើមានភាពចាំបាច់។

ប្រភពខាងលើបានបន្តថា តាមរយៈសេចត្តីសម្រេចទទួលស្គាល់ជំងឺអុតស្វា Monkeypox ជា “ភាពអាសន្ននៃសុខភាពសាធារណៈ” នេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរសុខាភិបាលអាមេរិកអាចដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនដូចជា បង្កើតមូនិធិសម្រាប់ជួយអ្នកជំងឺ សម្របសម្រួលក្នុងការប្រមូលទិន្នន័យរបស់អ្នកជំងឺ និងអាចដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលនៅតាមគោលដៅសំខាន់ៗដើម្បីត្រៀមជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ជូនថា សេចក្តីសម្រេចរបស់អាជ្ញាធរអាមេរិកខាងលើនេះត្រូវបានដាក់ចេញក្រោយតួលេខអ្នកឆ្លងជំងឺអុតស្វា សរុបនៅនៅអាមេរិកបានកើនឡើងដល់ ៦,៦០០នាក់ ខណៈអ្នកជំនាញអាមេរិកបានព្យាករណ៍ថាតួលេខពលរដ្ឋដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនៅពេលនេះមានរហូតដល់ខ្ទង់ ១,៦លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






