អន្តរជាតិ

ម្ចាស់ Pub ដែលមានភ្លើងឆេះ និងបង្កឲ្យមនុស្ស ១៥នាក់បាត់បង់ជីវិតនៅប្រទេសថៃ ត្រូវបានចាប់ខ្លួន ខណៈរូបគាត់ត្រូវប្រឈមនឹងការជាប់គុករយៈពេល ១០ឆ្នាំ

BY
Pheakdey
August 8, 2022

ថៃ៖ ម្ចាស់ Pub ដ៏ល្បីឈ្មោះមួយកន្លែងនៅក្នុងប្រទេសថៃ ដែលជាកន្លែងមានភ្លើងឆេះនិងបង្កឲ្យមានមនុស្សស្លាប់ជាច្រើននាក់កាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរថៃធ្វើការឃាត់ខ្លួនបានហើយ ខណៈប៉ូលិសជំនាញកំពុងបញ្ជូនសំណុំរឿងទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ។ គួររម្លឹកថា កាលពីយប់ថ្ងៃទី៤ ឆ្លងចូលថ្ងៃទី៥ ខែសីហាកន្លងទៅ​ ពោលគឺនៅម៉ោង ១ រំលងអាធ្រាត្រ មានអគ្គីភ័យដ៏សន្ធោសន្ធៅមួយលេបត្របាក់ Pub មួយកន្លែងឈ្មោះ MOUNTAIN B នៅ​ក្នុង​ក្រុង​សត្យា​ហ៊ីបស្ថិតលើ​ផ្លូវ​សុខុមវីតបាងណា ភូមិ​បាង​ណា​ត្រាត ភូមិ​៧ ឃុំ ​ផ្លូ​តា​ហ្លួង ស្រុក​សា​តា​ហ៊ីប ខេត្ត​ឈុន​បុរី ភាគខាងត្បូងប្រទេសថៃ។

ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរបានរកឃើញជនរងគ្រោះចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងមានមនុស្សជាង ៤០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ ប៉ុន្តែគិតត្រឹមពេលនេះតួលេខអ្នកស្លាប់បានកើនដល់ ១៥នាក់ហើយ ខណៈក្រុមជនរងគ្រោះមួយមួយចំនួនទៀតកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងនៅឡើយ។

ជុំវិញសំណុំរឿងដ៏រសើបនេះ កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហាម្សិលមិញនេះ​អាជ្ញាធរថៃបានប្រកាសថា អាចចាប់ខ្លួនម្ចាស់ Pub នោះបានហើយ ដោយរូបគាត់មានឈ្មោះថា Pongsiri Panprasng ឬហៅក្រៅ Sia Bee អាយុ ២៧ឆ្នាំ ហើយរូបគាត់ត្រូវរងនូវការចោទប្រកាន់ជាច្រើនករណីមានទាំងករណីបើកអាជីវកម្ម Pub ដោយគ្មានអជ្ញាប័ណ្ណ និងការធ្វេសប្រហែលដែលបង្កឲ្យមានមនុស្សស្លាប់ផងដែរ។ អាជ្ញាធរថៃបានបញ្ជាក់ថា បើយោងទៅតាមច្បាប់គឺម្ចាស់ Pub រូបនេះនឹងត្រូវប្រឈមនឹងការជាប់គុករហូតដល់ ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០,០០០បាត (៥,៥៨០ ដុល្លារអាមេរិក)ផងដែរ។

ចំណែកលោក Anucha Wongsrirat មេធាវីរបស់ Sia Bee បានបង្ហើបថា លោកឥឡូវនេះស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនល្អឡើយចំពោះឧបទ្ទវហេតុនេះ ដោយបានសារភាពកំហុសចំពោះរាល់ការចោទប្រកាន់។ ចំពោះអ្នកស្លាប់ និងរបួស ជាដំបូង ភាគីខាង Pub នឹងផ្តល់សំណង សម្រាប់អ្នកស្លាប់ នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥០,០០០ បាតឬជាង១,៣០០ដុល្លា ក្នុងមនុស្សម្នាក់ ចំណែក​អ្នក​រង​របួស​ម្នាក់នឹងទទួលបាន ទឹកប្រាក់ចំនួន ១០,០០០បាត ឬ ជិត ៣០០ដុល្លា ហើយ​សូម​ទុក​ឱ្យ​អ្នក​សារព័ត៌មាន​ជួយ​ផ្តល់​ដំណឹង​ដល់​អ្នក​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ផង ទាំង​សាច់​ញាតិ​របស់​អ្នក​ស្លាប់ និង​អ្នក​របួស អាច​ទាក់ទង​បាន​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កផេក “Mountain B” ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ចាត់​ឱ្យ​ទៅ​អ្នកគ្រប់គ្រង​ហាង​ដើម្បី​ព្យាយាម​ទាក់ទង​គ្រប់​ភាគី ។

ចំពោះរឿងក្តី នៅ​តែ​មិន​អាច​ស្នើរសុំអោយមានការដាក់​នៅ​ក្រៅ​ឃុំ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេតនេះបាន ប៉ុន្តែ​នឹងមានការដាក់លុយតម្កល់អោយនៅ​ក្រៅ​ឃុំ​ទៅកាន់​តុលាការ គិតជា​ចំនួន​ទឹក​ប្រាក់ ​១​លាន​បាត​ ឬជិត ៣មុឺនដុល្លា នៅ​ថ្ងៃ​ចន្ទ​​នេះ៕

អត្ថបទ៖ ភក្តី, Bee

ប្រភព៖ Channel News AsiaMatichon

Share This Post: