អន្តរជាតិ

ជំនន់ទឹកភ្លៀងមួយប្រាវនៅកូរ៉េខាងត្បូងបានឆក់យកជីវិតពលរដ្ឋ ៩នាក់, ៧នាក់កំពុងបាត់ខ្លួន, ១៧នាក់រងរបួស និងបំផ្លាញផ្ទះសម្បែងជាង ២ពាន់កន្លែង

BY
Pheakdey
August 10, 2022

កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយស្តីអំពីព្រោះថ្នាក់ដោយជំនន់ទឹកភ្លៀងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះគឺជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋកូរ៉េខាងត្បូងយ៉ាងតិចណាស់ចំនួន ៩នាក់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ទាំង ៩នាក់នោះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានរាយការណ៍អំពីករណីមានពលរដ្ឋចំនួន ១៧នាក់ត្រូវរងរបួស និងពលរដ្ឋចំនួន ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។

ក្នុងចំណោមពលរដ្ឋដែលបានស្លាប់ទាំង ៩នាក់នោះ គឺមានសាកសពចំនួន ៥នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងសេអ៊ូល សាកសពចំនួន ៣នាក់ត្រូវបានរកឃើញនៅក្នុងខេត្តហ្យុងជី និងសាកសពម្នាក់ទៀតត្រូវបានរកឃើញនៅក្នុងខេត្តហ្គាងវ៉ុន។ ចំពោះការខូចខាតវិញគឺមានផ្ទះសម្បែង អាគារ និងកន្លែងសាធារណៈប្រមាណជា ២៨,០០០កន្លែងត្រូវបានបំផ្លាញ ខណៈមានពលរដ្ឋជាង ១,១០០គ្រួសារត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់។

បើតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះភ្លៀងដែលបានធ្លាក់នៅក្នុងទីក្រុងសេអ៊ូលគឺមានកម្រិត ៥២៥​ មីលីម៉ែត្រ ខណៈនៅក្នុងតំបន់​ Yangpyeong ដែលជាតំបន់នៅជាប់ក្រុងសេអ៊ូលវិញគឺទឹកភ្លៀងមានកម្រិតរហូតដល់ ៥៣២,៥ មីលីម៉ែត្រក្នុងមួយម៉ោង ដែលសុទ្ធតែជាកម្រិតទឺកភ្លៀងខ្ពស់បំផុតមិនធ្លាប់មាននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: