អន្តរជាតិ

អាជ្ញាធរអង់គ្លេសព្រមានជាថ្មីអំពីបញ្ហាកើនឡើងកម្តៅកម្រិតខ្ពស់បំផុត និងការរឹតបន្តឹងការប្រើប្រាស់ទឹក

BY
Pheakdey
August 10, 2022

អង់គ្លេស៖ ទីភ្នាក់ងារឧតុនិយមរបស់ចក្រភពអង់គ្លេសបានធ្វើការព្រមានជាថ្មីអំពីការកើនឡើងកម្តៅក្នុងកម្រិតខ្ពស់បំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះ។​ សេចក្តីព្រមានថ្មីនេះត្រូវបានធ្វើឡើងស្របពេលដែលក្រុមហ៊ុនផ្គត់ផ្គង់ទឹកធំបំផុតនៅក្នុងប្រទេសអង់គ្លេសបានជូនដំណឹងស្តីពីការរឹតបន្តឹងក្នុងការប្រើប្រាស់ទឹកសម្រាប់នៅក្នុងសប្តាហ៍នេះ ព្រោះនៅពេលសីតុណ្ណភាពកើនឡើងខ្លាំង ពលរដ្ឋនឹងមានតម្រូវការប្រើប្រាស់ទឹកច្រើនជាងធម្មតា ដែលធ្វើឲ្យបរិមាណទឹកសម្រាប់ផ្គត់ផ្គង់ទៅតាមផ្ទះពលរដ្ឋនោះអាចនឹងចុះខ្សោយជាងធម្មតាផងដែរ។

បើតាមការព្យាការណ៍របស់អាជ្ញាធរអង់គ្លេសបានបង្ហាញថា សីតុណ្ហភាពអាចនឹងកើនឡើងរហូតដល់កម្រិតខ្ពស់ជាង ៤០អង្សាសេ ហើយរលកកម្តៅនឹងបង្កឲ្យមានបញ្ហាផ្សេងៗចំពោះសុខភាពសាធារណៈ ចំពោះការដឹកជញ្ជូន ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏អាចប្រឈមនឹងការខូចខាតផងដែរ។ គួររម្លឹកជូនថា កាលពីប៉ុន្មានសប្តាហ៍មុននេះអង់គ្លេសបានជួបប្រទះនឹងបញ្ហាកើនឡើងកម្តៅនេះម្តងហើយ ដោយសីតុណ្ណភាពបានកើនឡើងដល់កម្រិតជាង ៤០អង្សាសេជាលើកដំបូង ហើយបញ្ហាមួយនេះក៏បានបង្កឲ្យមានភ្លើឆេះព្រៃនៅតាមតំបន់មួយចំនួន និងបង្ខំឲ្យពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួន និងលុបចោលដំណើរកំសាន្តរបស់ពួកគេផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: