ក្រុមប្រទេសលោកខាងលិចរួមគ្នាផ្តល់ជំនួយយោធាតម្លៃ ១,៥៥ពាន់លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន
- BY
- Pheakdey
- August 12, 2022
ក្រុមប្រទេសលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហាម្សិលមិញនេះបានសម្រេចរួមគ្នាផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃ ១,៥៥ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការសម្រេចផ្តល់ជំនួយរួមគ្នាក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះត្រូវបានធ្វើឡើងនៅក្នុងសន្និសិទ្ធក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ខណៈក្រុមប្រទេសដែលជាម្ចាស់ជំនួយនោះមានចំនួនសរុប ២៦ប្រទេស។

ប្រភពខាងបានបន្តថា នៅក្នុងជំនួយទាំង ១,៥៥ពាន់លានដុល្លារអាមេរិកនោះនឹងត្រូវបែងចែកជាកញ្ចប់តូចៗសម្រាប់ប្រើប្រាស់ក្នុងគោលដៅមួយចំនួនដែលមានដូចជា ការហ្វឺកហ្វឺនចំពោះក្រុមយោធាអ៊ុយក្រែនឲ្យមានសមត្ថភាពខ្ពស់ជាងមុន ផ្តល់ជូនជាសម្ភាៈសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា ផ្តល់ជូនជាអាវុធ មីស៊ីល គ្រាប់រំសេវ និងការបណ្តុះបណ្តាលផ្នែកសម្អាតមីនជាដើម។ ក្រុមមេដឹកនាំនៃប្រទេសទាំង ២៦ខាងលើនេះក៏បញ្ជាក់ផងដែរថា នឹងបន្តជួយគាំទ្រប្រទេសអ៊ុយក្រែនរហូតដល់សង្គ្រាមត្រូវបានបិទបញ្ចប់ បើទោះជាសង្គ្រាមនោះត្រូវអូសបន្លាយអស់រយៈយូរយ៉ាងណាក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






