ក្រុងញូវដេលីប្រទេសឥណ្ឌាប្រកាសឲ្យពលរដ្ឋពាក់ម៉ាស់ឡើងវិញ ខណៈអ្នកមិនព្រមអនុវត្តនឹងត្រូវពិន័យជាប្រាក់ ៦ដុល្លារ
- BY
- Pheakdey
- August 12, 2022
ឥណ្ឌា៖ ទីក្រុងញូវដេលីនៃប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហាម្សិលមិញនេះបានប្រកាសតម្រូវឲ្យប្រជាពលរដ្ឋត្រូវអនុវត្តវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈជាថ្មីម្តងទៀតហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ កាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរសុខាភិបាលឥណ្ឌា ខណៈទីតាំងដែលនឹងត្រូវមានការរឹតបន្តឹងការពាក់ម៉ាស់ខ្លាំងបំផុតនោះមានដូចជា នៅតាមផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងនៅតាមកម្មវិធីផ្សេងៗដែលមានការប្រមូលផ្តុំមនុស្សច្រើន។

នៅក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់នេះគឺអាជ្ញាធរនឹងធ្វើការពិន័យជាប្រាក់ចំនួន ៥០០រ៉ូពី (៦ដុល្លារអាមេរិក) ចំពោះពលរដ្ឋណាដែលខកខានមិនបានពាក់ម៉ាស់ ឬពាក់ម៉ាស់មិនបានត្រឹមត្រូវម៉ាស់តាមការណែនាំរបស់អាជ្ញាធរ។ សូមបញ្ជាក់ជូនថា វិធានការពាក់ម៉ាស់នេះត្រូវដាក់ចេញក្រោយជំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទីក្រុងញូវដេលីបានផ្ទុះខ្លាំងឡើងវិញគួរឲ្យព្រួយបារម្ភ ហើយនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះក្រុងញូដេលីបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ២,១៤៦នាក់ និងស្លាប់ចំនួន ៨នាក់ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






