ថៃសម្រេចដំឡើងថ្លៃអគ្គិសនី១៨% ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងសកល
- BY
- Pheakdey
- August 17, 2022
ថៃ៖ វិបត្តិនៃការកើនឡើងតម្លៃប្រេងនៅលើពិភពលោកកំពុងតែជំរុញធ្វើឲ្យតម្លៃអគ្គិសនីនៅក្នុងប្រទេសថៃកើនឡើងក្នុងកម្រិតដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី១៦ ខែសីហានេះ។ បើតាមគណៈកម្មការគ្រប់គ្រងថាមពលថៃបានប្រកាសឲ្យដឹងថា នឹងដំឡើងតម្លៃថាមពលអគ្គិសនីពី ៤ បាត/គីឡូវ៉ាត់ (៤៦០ រៀល) ទៅដល់ ៤,៧២ បាត/គីឡូវ៉ាត់ (៥៤៣ រៀល) ហើយតម្លៃអគ្គិសនីថ្មីនេះនឹងត្រូវចាប់អនុវត្តពីកញ្ញាដល់ខែធ្នូ ឬបន្តអនុវត្តយូរជាងនេះតាមស្ថានភាពជាក់ស្តែង។

ប្រភពខាងលើបានបន្តថា កំណើននៃតម្លៃអគ្គិសនីខាងលើនេះគឺជាការកើនឡើងក្នុងកម្រិត ១៨% ហើយវាក៏ជាការកើនឡើងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានផងដែរក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ គួរកត់សម្គាល់ថា តម្លៃប្រេងឆៅនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះបានកើនឡើងរហូតដល់ ១១០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលបញ្ហានេះបានកើតឡើងដោយសារតែឥទ្ធិពលនៃភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ីជាមួយនិងប្រទេសអ៊ុយក្រែន។ សូមបញ្ជាក់ជូនផងដែរថា ថ្មីៗនេះមិនមែនមានតែប្រទេសថៃទេ ដែលបានប្រឈមនឹងបញ្ហាខាងលើ ហើយដំណោះស្រាយដែលគេអាចដាក់ចេញបាននោះគឺសម្រេចដំឡើងតម្លៃអគ្គិសនី ឬសម្រេចកាត់បន្ថយការផ្គត់ផ្គង់ថាមពលអគ្គិសនីតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






