អន្តរជាតិ

WHO អំពាវនាវឲ្យបន្ថែមការប្រុងប្រយ័ត្ន ក្រោយរកឃើញករណីចម្លងជំងឺអុតស្វា Monkeypox ពីមនុស្សទៅកាន់សត្វឆ្កែជាលើកដំបូង

BY
Pheakdey
August 18, 2022

អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី១៧ ខែសីហាម្សិលមិញនេះបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតជុំវិញករណីរាតត្បាតនៃជំងឺអុតស្វា Monkeypox  ដ្បិតគេទើបរកឃើញករណីចម្លងជំងឺប្រភេទនេះពីមនុស្សទៅកាន់សត្វ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ករណីចម្លងជំងឺអ៊ុតស្វា Monkeypox ពីមនុស្សទៅកាន់សត្វជាលើកដំបូងនេះគឺត្រូវបានរកឃើញនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយមេរោគបានចម្លងចេញពីបុរស ២នាក់ទៅកាន់សត្វឆ្កែចិញ្ចឹមមួយក្បាលដែលរស់នៅក្នុងផ្ទះជាមួយគ្នា។

WHO urges caution after dog catches monkeypox | ABS-CBN News

បើតាមលោកវេជ្ជបណ្ឌិត Rosamund Lewis ដែលជាប្រធានដឹកនាំបច្ចេកទេសផ្នែកជំងឺអុតស្វា Monkeypox របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ករណីចម្លងខាងលើនេះគឺជារឿងគួរឲ្យព្រួយបារម្ភបំផុតមួយ ហើយនៅពេលនេះគេកំពុងសិក្សាបន្ថែមទៀតថា​ តើសត្វដែលបានឆ្លងជំងឺអុតស្វា Monkeypox រួចហើយនោះ អាចចម្លងបន្តទៅកាន់សត្វផ្សេងទៀត ឬមនុស្សបានឬអត់? យ៉ាងណាក្តី នៅចំពោះមុខករណីដ៏កម្រនេះលោកវេជ្ជបណ្ឌិត Rosamund Lewis បានអំពាវនាវឲ្យអ្នកដែលបានឆ្លងជំងឺអុតស្វា Monkeypox ទាំងអស់ សូមកុំប៉ះពាល់ជាមួយសត្វឲ្យសោះដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការរាតត្បាតមេរោគកាន់តែច្រើនជាងនេះបន្ថែមទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: