ស្រ្តីម្នាក់ត្រូវអាជ្ញាធរវៀតណាមហាមមិនឲ្យជិះយន្តហោះ ៦ខែ ក្រោយបង្ហោះវីដេអូបែបនេះក្នុង TikTok
- BY
- Pheakdey
- August 19, 2022
វៀតណាម៖ ស្រ្តីម្នាក់ត្រូវបានអាជ្ញាធរអាកាសចរណ៍វៀតណាមសម្រេចហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះរយៈពេល ៦ខែ ក្រោយបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម TikTok ដែលបង្ហាញថា រូបគាត់ផ្ទាល់បានរាំយ៉ាងសប្បាយរីករាយនៅក្បែរយន្តហោះមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅមុខ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ស្រ្តីដែលបានរងនូវការហាមឃាត់នេះមានឈ្មោះថា Le Minh Xuan Yen អាយុ ២៦ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះមួយកន្លែងនៅក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។

ប្រភពខាងលើបានបន្តថា សកម្មភាពរាំលេងសប្បាយរបស់អ្នកនាង Le Minh Xuan Yen ត្រូវបានថតតាំងពីថ្ងៃទី ១៨ ខែឧសភាម្លេះ គឺនៅពេលស្រ្តីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ VN1740 ចេញពីកោះទេសចរណ៍ Phu Quoc ឆ្ពោះទៅកាន់ទីក្រុង Can Tho ហើយក្នុងអំឡុងពេលធ្វើដំណើរនោះគាត់ក៏បានថតវីដេអូរាំសម្រាប់បង្ហោះក្នុងបណ្តាញសង្គម TikTok ទុកគ្រាន់ជាការកំសាន្តសប្បាយប៉ុណ្ណោះ។
យ៉ាងណាក្តី ទីតាំងនិងពេលវេលានៃការសកម្មភាពរាំរបស់គាត់នោះត្រូវបានអាជ្ញាធរអាកាសចរណ៍ចាត់ទុកថា ជាសកម្មភាពបំពានទៅនឹងវិធានការរក្សាសុវត្ថិភាពក្នុងព្រលានយន្តហោះ ហើយបើទោះជារូបគាត់គ្មានគ្រោះថ្នាក់ឬបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ក៏ដោយ ប៉ុន្តែអាជ្ញាធរត្រូវតែអនុវត្តតាមបទបញ្ជាដើម្បីទុកជាការព្រមានកុំឲ្យមានអ្នកផ្សេងទៀតយកគំរូតាម ខណៈការហាមឃាត់របស់ស្រ្តីរូបនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៧ ខែសីហានេះរហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៣៕

អត្ថបទ៖ ភក្តី
ប្រភព៖ Tuoitre News
- Share This Post:






