អន្តរជាតិ

រលកកម្តៅបង្ខំឲ្យក្រុងមួយរបស់ចិនត្រូវបិទភ្លើងមិនសូវសំខាន់នៅតាមទីសាធារណៈទាំងអស់ ដើម្បីសន្សំសំចៃថាមពលអគ្គិសនី

BY
Pheakdey
August 19, 2022

ចិន៖ អាជ្ញាធរក្រុង Chengdu ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន បានដាក់ចេញនូវវិធានការបន្ទាន់មួយ ដើម្បីសន្សំសំចៃថាមអគ្គិសនី ដោយអាជ្ញាធរបានតម្រូវបិទភ្លើងមិនចាំបាច់ទាំងអស់នៅតាមទីសាធារណៈ ដូចជាភ្លើងនៅតាមស្ថានីយ៍រថភ្លើងក្រោមដី ផ្ទាំងផ្សាយពាណិជ្ជកម្ម និងស្លាកសញ្ញាផ្សេងៗនៅតាមអាគារជាដើម។ ការសម្រេចអនុវត្តវិធានការសន្សំសំចៃថាមពលអគ្គិសនីនេះត្រូវបានធ្វើឡើង ក្រោយសីតុណ្ហភាពនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតប្រកាសអាសន្ន ហើយនៅក្នុងបរិយាកាសមិនអំណោយផលបែបនេះគឺតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់បើកបង្ហារនិងម៉ាស៊ីនត្រជាក់មានខ្ពស់ខ្លាំងណាស់។

គួរបញ្ជាក់ជូនថា សីតុណ្ហភាពនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ជាង ៤០អង្សាសេជាច្រើនសប្តាហ៍ជាប់គ្នាមកហើយ ខណៈនៅតំបន់ខ្លះសីតុណ្ហភាពបានកើតឡើងដល់កម្រិត ៤២អង្សាសេ។ នៅចំពោះបញ្ហាប្រែប្រួសអាកាសធាតុដ៏អាក្រក់នេះ អាជ្ញាធរចិនក៏បានសម្រេចទាញសញ្ញាអាសន្នអំពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូងផងដែរ ដ្បិតបឹងនិងទន្លេដែលធ្លាប់ជាប្រភពទឹកដ៏សំខាន់នៅតាមតំបន់មួយចំនួនបានរីងស្ងួតអស់ ឬជិតអស់ទៅហើយ។ សូមបញ្ជាក់ជូនផងដែរថា ក្រុង Chengdu គឺជាទីក្រុងពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់ចិន ដោយក្រុងមួយនេះមានប្រជាពលរដ្ឋកំពុងរស់នៅសរុបជាង ២០លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: