នៅឥណ្ឌាហ៊ានតែឲ្យកូនមិនទាន់គ្រប់អាយុបើកបរ ប៉ូលិសនឹងចាប់ឪពុកម្តាយដាក់គុកភ្លាម
ឥណ្ឌា៖ ឪពុកម្តាយចំនួន១០នាក់ត្រូវបានប៉ូលិសចាប់ដាក់គុក បន្ទាប់ពីពួកគាត់បានអនុញ្ញាតឲ្យកូនៗ ដែលមិនទាន់គ្រប់អាយុធ្វើការបើកបរលើដងផ្លូវសាធារណៈក្នុងទីក្រុង Hyderabad ភាគខាងត្បូងប្រទេសឥណ្ឌា។ ការអនុវត្តច្បាប់ខាងលើនេះ គឺជាយុទ្ធនាការមួយរបស់អាជ្ញាធរប្រចាំទីក្រុងខាងលើ ដើម្បីលុបបំបាត់ការបើកបរដោយមនុស្សមិនទាន់គ្រប់អាយុ។
យុទ្ធនាការនេះត្រូវបានធ្វើឡើងបន្ទាប់កាលពីពេលថ្មីៗនេះមានអ្នកបើកបរជាក្មេងមិនទាន់គ្រប់អាយុជាច្រើននាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចណ៍។ បើយោងតាមអាជ្ញាធរឥណ្ឌាបានឲ្យដឹងថា កាលពីខែមុនមានឪពុកម្តាយចំនួន៣៥នាក់ត្រូវបានចាប់ខ្លួនក្នុងករណីដូចគ្នានេះ ដោយពួកគាត់ត្រូវផ្តន្ទាទោសឲ្យជាប់គុករយៈពេល១ថ្ងៃ។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៦ កន្លងទៅមានប្រជាជនឥណ្ឌាប្រមាណជា១៥០,០០០នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយគេសង្ឃឹមថាតាមរយៈយុទ្ធនាការខាងលើនេះចំនួនជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នឹងថយចុះផងដែរ៕

ភក្តី
ប្រភព៖ bbc