អន្តរជាតិ

អ្នកកាសែតរុស្ស៊ីដែលមាននិន្នាការគាំទ្រសង្គ្រាមនៅអ៊ុយក្រែនបានបាត់បង់ជីវិតដោយគេលួចបំផ្ទុះគ្រាប់បែកក្រោមរថយន្ត

BY
Pheakdey
August 22, 2022

រុស្ស៊ី៖ ស្រ្តីជនជាតិរុស្ស៊ីដែលជាអ្នកគាំទ្រឲ្យនយោបាយរុស្ស៊ីឈ្លានពានអ៊ុយក្រែនដ៏មានសក្តានុពលម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហានេះ។ ស្រ្តីជនជនរងគ្រោះមានឈ្មោះថា Daria Dugina កើតនៅក្នុងឆ្នាំ ១៩៩២ បច្ចុប្បន្នមានការងារជាអ្នកកាសែត ហើយរូបនាងគឺជាកូនស្រីរបស់លោក Alexander Dugin ដែលជាមនោគមវិទូដែលមាននិន្នាការគាំទ្រនិងបណ្តុះគំនិតឲ្យមានការធ្វើសង្គ្រាមនៅអ៊ុយក្រែនដ៏មានសក្តានុពលម្នាក់និងជាបុគ្គលដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីនផងដែរ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនេះបានកើតឡើងនៅលើរថយន្ត Toyota Land Cruiser មួយគ្រឿង ដែលកំពុងបើកបរដោយជនរងគ្រោះនៅលើផ្លូវ High Way មួយកន្លែងក្នុងតំបន់ Bolshie Vyzyomy ដែលមានចម្ងាយប្រមាណជា ៤០គីឡូម៉ែត្រពីទីក្រុងមូស្គូ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកឃើញជនដៃដល់ដែលនៅពីក្រោយករណីមួយនេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយប៉ូលិសជំនាញរុស្ស៊ី។ សូមបញ្ជាក់ជូនផងដែរថា នាពេលកន្លងមកស្រ្តីជាជនរងគ្រោះក៏មានឈ្មោះក្នុងបញ្ជី “ទណ្ឌកម្មចំពោះជនជាតិរុស្ស៊ី” របស់រដ្ឋាភិបាលអង់គ្លេសផងដែរ ដ្បិតរូបនាងតែងផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: