អន្តរជាតិ

អាជ្ញាធរវៀតណាមពិន័យគណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Vietnam 2022 ជាប្រាក់ ៧០លានដុង ក្រោយអនុញ្ញាតឲ្យគណៈកម្មការម្នាក់ស្លៀកសំលៀកបំពាក់ប៉ះពាល់ដល់ទំនៀមទម្លាប់និងប្រពៃណីជាតិ

BY
Pheakdey
August 23, 2022

វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្រេចធ្វើការពិន័យគណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Vietnam 2022 ជាទឹកប្រាក់ចំនួន ៧០លានដុង (២,៩៩០ ដុល្លារអាមេរិក) ក្រោយអ្នករៀបចំកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះអនុញ្ញាតឲ្យស្រ្តីជាគណៈកម្មកាម្នាក់ស្លៀកសំលៀកបំពាក់តំណាងឲ្យប្រពៃណីវៀតណាម ដែលមានការកែច្នៃខុសពីទម្រង់ដើម ពោលគឺសិចស៊ីជ្រុលហួសហេតុ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីថ្ងៃចន្ទ ទី២២ ខែសីហានេះបានឲ្យដឹងថា ស្រ្តីជាគណៈកម្មការដែលបានស្លៀកសំលៀកបំពាក់មិនសមរម្យបង្ហាញខ្លួនលើកម្រាលព្រំក្រហមក្នុងកម្មវិធីលំដាប់ថ្នាក់ជាតិនេះមានឈ្មោះថា Vu Nguyen Ha Anh ជាអតីតបេក្ខជនប្រលងកម្មវិធី Miss Universe Vietnam 2008 បច្ចុប្បន្នមានអាយុ ៤០ឆ្នាំ​ និងជាតារាម៉ូដែលម្នាក់ផងដែរ។

អ្នកនាង  Vu Nguyen Ha Anh

ប្រភពខាងលើបានបន្តថា ក្នុងពេលបង្ហាញខ្លួនក្នុងនាមជាគណៈកម្មការរបស់កម្មវិធី Miss Universe Vietnam 2022 អ្នកនាង  Vu Nguyen Ha Anh បានស្លៀកសំលៀកបំពាក់ប្រពៃណីតំណាងឲ្យប្រទេសវៀតណាមមួយប្រភេទឈ្មោះ Ao Dai ធ្វើពីក្រណាត់ដ៏ស្តើងដែលគេអាចមើលធ្លុះដល់ដើមទ្រូងរបស់គាត់។

បើតាមគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានបញ្ជាក់ថា ឥរិយាបថរបស់អ្នកនាង Vu Nguyen Ha Anh ត្រូវបានចាត់ទុកជា “ការប្រើប្រាស់សំលៀកបំពាក់ ពាក្យសំដី សំឡេង រូបភាព ចលនា មធ្យោបាយនៃការបញ្ចេញមតិ និងទម្រង់នៃការសម្តែងដែលផ្ទុយនឹងទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រទេសជាតិ”។ ក្រៅតែពីបានពិន័យជាប្រាក់ជិត ៣ពាន់ដុល្លារ ក្រុមហ៊ុន The Saigon Universe Joint Stock ដែលជាអ្នកទទួលរៀបចំកម្មវិធីក៏ត្រូវអាជ្ញាធរវៀតណាមសម្រេចហាមឃាត់មិនឲ្យរៀបចំកម្មវិធី Miss Universe Vietnam ក្នុងរយៈពេល ៩ខែផងដែរ៕

សំលៀកបំពាក់ប្រពៃណីវៀតណាម Ao Dai

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: