គិតត្រឹមពេលនេះមានទាហានអ៊ុយក្រែនជិត ៩,០០០នាក់បានបាត់បង់ជីវិត ខណៈសង្គ្រាមបានអូសបន្លាយចូលដល់ខួបកន្លះឆ្នាំ
- BY
- Pheakdey
- August 23, 2022
អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា គិតត្រឹមពេលនេះគឺមានទាហានអ៊ុយក្រែនជិត ៩,០០០នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងភ្លើងសង្គ្រាម បើគិតចាប់ពីកងទ័ពរុស្ស៊ីផ្តើមធ្វើការឈ្លានពានកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ បើតាមឧត្តមសេនីយ៍ Valeriy Zaluzhny ដែលជាអគ្គមេបញ្ជាការអ៊ុយក្រែនបានបញ្ជាក់ថា ការបាត់បង់ទាហានទាំងអស់នេះគឺជាការបាត់បង់ធនធានការពារជាតិដ៏មានតម្លៃបំផុត ហើយប្រទេសអ៊ុយក្រែននិងប្រជាពលរដ្ឋអ៊ុយក្រែននឹងចងចាំនូវការលះបង់ដ៏ធំធេងរបស់ពួកគាត់ និងចាត់ទុកថាពួកគាត់គឺជាវីរបុរសជាតិផងដែរ។

គួរបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី២៤ ខែសីហាខាងមុខនេះគឺភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយចូលដល់ខួបកន្លះឆ្នាំហើយ ខណៈគិតត្រឹមពេលនេះគឺគ្មានសញ្ញាណាមួយបង្ហាញអំពីទីបញ្ចប់នៃសង្គ្រាមនោះទេ។ ទន្ទឹមគ្នានេះដែរ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញថា សហភាពអឺរ៉ុបកំពុងពិចារណាអំពីជម្រើសនៃការផ្តល់ការបណ្តុះបណ្តាលនិងហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែនឲ្យមានសមត្ថភាពកាន់តែខ្ពស់ដើម្បីងាយទប់ទល់ជាមួយនឹងកងទ័ពរុស្ស៊ី។ សូមរម្លឹកជូនផងដែរថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានជួយគាំទ្រនិងឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែនជាប់ជាប្រចាំ ដោយមានទាំងការផ្តល់សម្ភារៈយោធា ជួយទទួលជនភៀសខ្លួន និងផ្តល់ជាប្រាក់សម្រាប់ជួយស្រោចស្រង់សេដ្ឋកិច្ចអ៊ុយក្រែនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






