ក្រុងសៀងហៃសម្រេចផ្អាកបើកភ្លើងលំអរនៅទីសាធារណៈដើម្បីសន្សំសំចៃអគ្គិសនី ក្រោយសីតុណ្ហភាពបានកើនឡើងដល់កម្រិតប្រកាសអាសន្ន
- BY
- Pheakdey
- August 23, 2022
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post បានឲ្យដឹងថា អាជ្ញាធរក្រុងសៀងហៃបានសម្រេចបិទភ្លើងមិនសូវចាំបាច់មួយចំនួននៅក្នុងទីក្រុងដើម្បីសន្សំសំចៃថាមពលអគ្គិសនី ក្រោយសីតុណ្ណភាពបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់ដែលជំរុញឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងយ៉ាងគំហុកផងដែរ។ ភ្លើងដែលអាជ្ញាធរក្រុងសៀងហៃតម្រូវឲ្យបិទជាបណ្តោះអាសន្ននោះមានដូចជា អំពូលភ្លើងសម្រាប់លំអរនៅតាមដងផ្លូវ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ និងភ្លើងសម្រាប់បើកលំអរនៅតាមអាគារផ្សេងៗជាដើម។

ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះនឹងត្រូវអនុវត្តចាប់ពីដើមសប្តាហ៍នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរដោយផ្អែកទៅលើសមត្ថភាពជាក់ស្តែងក្នុងការផ្គត់ផ្គង់អគ្គិសនី។ គួររម្លឹកជូនថា កាលពីចុងសប្តាហ៍មុននេះអាជ្ញាធរចិនបានប្រកាសទាញសញ្ញាអាសន្នពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង ក្រោយសីតុណ្ហភាពបានកើនឡើងដល់ចន្លោះពី ៤០-៤២អង្សាសេជាច្រើនសប្តាហ៍ជាប់គ្នា និងធ្វើឲ្យទន្លេ បឹង ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើនត្រូវរីងស្ងួតជិតអស់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ក្រៅតែពីក្រុងសៀងហៃក៏មានខេត្ត-ក្រុងមួយចំនួនផ្សេងទៀតរបស់ចិនបានអនុវត្តវិធានការដូចគ្នានេះដែរ ហើយសម្រាប់នៅក្នុងខេត្តស៊ីឈាន់វិញគឺអាជ្ញាធរបានសម្រេចកំណត់កូតាក្នុងការផ្តល់ចរន្តអគ្គិសនីតែម្តង ពោលគឺនៅតាមរោងចក្រ សហគ្រាស និងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ៗនឹងត្រូវឆ្លាស់វេនគ្នាក្នុងការទទួលបានចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post
- Share This Post:






