ការសិក្សាមួយបានបង្ហាញថា អឺរ៉ុបកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ
- BY
- Pheakdey
- August 24, 2022
អឺរ៉ុប៖ ការសិក្សាមួយបានបង្ហាញថា តំបន់អឺរ៉ុបកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុប (European Drought Observatory) និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែសីហានេះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា គិតត្រឹមពេលនេះគឺមានប្រទេសនិងតំបន់ដែលគ្របដណ្តប់លើផ្ទៃដី ២/៣ នៃផ្ទៃដីទ្វីបអឺរ៉ុបទាំងមូលកំពុងស្ថិតក្រោមការគំរាមគំហែងដោយគ្រោះរាំងស្ងួត និងការកើនឡើងនៃសីតុណ្ហភាពក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ។

នៅក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុបបានបង្ហាញថា ប្រទេសនិងតំបន់ដែលមានផ្ទៃដី ៤៧% នៅតំបន់អឺរ៉ុបកំពុងស្ថិតក្នុងលក្ខខណ្ឌត្រៀមទាញសញ្ញាអាសន្ន ខណៈ ១៧% បានសម្រេចទាញសញ្ញាអាសន្នរួចទៅហើយ។ ការសិក្សាក៏បានបង្ហាញដែរថា គ្រោះរាំងស្ងួតនិងការកើនឡើងកម្តៅអាចបន្តគំរាមគំហែងតំបន់អឺរ៉ុបរហូតដល់វិច្ឆិកា ហើយគ្រោះធម្មជាតិដ៏កម្រនេះបានបង្កឲ្យមានបញ្ហាមួយចំនួនដូចជា ខូចដីកសិកម្ម ប៉ះពាល់ដល់ផលដំណាំកសិកម្មជាច្រើនប្រភេទ ប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងប៉ះពាល់ដល់ផលិតកម្មអគ្គិសនីផងដែរ ដ្បិតតម្រូវការនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឬកង្ហារមានការកើនឡើងយ៉ាងគំហុក៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






