អន្តរជាតិ

ប៉ាគីស្ថានអំពាវនាវរកជំនួយពីអន្តរជាតិ ក្រោយភ្លៀងមូសុងបានឆក់យកជីវិតពលរដ្ឋអស់ជាង ៨០០នាក់

BY
Pheakdey
August 25, 2022

ប៉ាគីស្ថាន៖ អាជ្ញាធរនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ទី២៤ ខែសីហានេះបានអំពាវនាវរកជំនួយពីអន្តរជាតិ​ ខណៈប៉ាគីស្ថានកំពុងប្រឈមនឹងការគំរាមគំហែងពីភ្លៀងមូសុងដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់កើតមានពីមុនមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក Sherry Rehman ដែលជារដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុនប៉ាគីស្ថានបានបញ្ជាក់ថា ភ្លៀងមូសុងបានផ្តើមធ្លាក់ចាប់តាំងពីមិថុនាមកម្លេះ ហើយក្នុងរយៈ​ពេលមួយខែចុងក្រោយនេះគឺភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ និងបាន​បង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចនៅតាមសហគមន៍ជាច្រើនយ៉ាងឆាប់រហ័សផងដែរ។

លោករដ្ឋមន្ត្រីរូបនេះបានបន្តថា គិតត្រឹមពេលនេះជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋប៉ាគីស្ថានអស់ជាង ៨០០នាក់ហើយ និងបានបំផ្លាញផលដំណាំ​ សត្វចិញ្ចឹម ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើនផងដែរ។ គួររម្លឹកជូនថា នៅក្នុងឆ្នាំនេះប្រទេសប៉ាគីស្ថានបានជួយប្រទះនឹងគ្រោះធម្មជាតិក្នុងកម្រិតអាក្រក់មិនធ្លាប់មានជាបន្តបន្ទាប់ ដោយកាលពីដើមឆ្នាំប៉ាគីស្ថានបានប្រឈមជាមួយនឹងរលកកម្តៅក្នុងកម្រិតខ្ពស់បំផុត ពោលគឺសីតុណ្ហភាពបានកើនដល់កម្រិត ៥១អង្សាសេ។ ក្រោយឆ្លងផុតពីរលកកម្តៅនៅពេលនេះប៉ាគីស្ថានត្រូវប្រឈមជាមួយព្យុះភ្លៀងក្នុងកម្រិតអាក្រក់បំផុតវិញម្តង ដោយភ្លៀងមូសុងបានធ្លាក់ចុះក្នុងបរិមាណយ៉ាងច្រើនមិនធ្លាប់មាន ពោលគឺធ្លាក់ចុះក្នុងបរិមាណច្រើនជាងធម្មតាចន្លោះពី ៤៣០%-៥០០% ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: