អន្តរជាតិ

អាមេរិកប្រកាសផ្អាកជើងហោះរបស់ក្រុមហ៊ុនចិនចំនួន ៤ មិនឲ្យហោះមកកាន់ទឹកដីខ្លួន

BY
Pheakdey
August 26, 2022

អាមេរិក៖ រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍​ ទី២៥ ខែសីហានេះបានប្រកាសធ្វើការផ្អាកជើងហោះចំនួន ២៦ របស់ប្រទេសចិនមិនឲ្យហោះមកកាន់ទឹកដីខ្លួន​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាជ្ញាធរអាកាសចរណ៍របស់ចិន ដែលកាលពីពេលថ្មីៗនេះបានសម្រេចលុបចោលជើងហោះហើរមួយចំនួនរបស់មេរិកមិនឲ្យធ្វើដំណើរមកកាន់ទឹកដីចិនក្រោមហេតុផលថា ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ រួមមានក្រុមហ៊ុនអាកាសចរណ៍ Xiamen ក្រុមហ៊ុនអាកាសចរណ៍ Air China ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និង ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines។

ប្រភពខាងលើបានបន្តថា ការសេចក្តីសម្រេចហាមឃាត់របស់រដ្ឋាភិបាលអាមេរិកនឹងត្រូវផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ២៨ ខែកញ្ញាខាងមុខនេះ។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះអាជ្ញាធរចិនបានសម្រេចផ្អាកជើងហោះហើររបស់អាមេរិកចំនួន ២៦ របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines, ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines និងក្រុមហ៊ុនអាកាសចរណ៍ United Airlines ក្រោយអ្នកដំណើរប្រមាណជា ៤% ដែលបានធ្វើដំណើរតាមរយៈជើងហោះហើរទាំងអស់នេះត្រូវបានតេស្តិ៍វិជ្ជមានជំងឺកូវីដ-១៩ ក្រោយពេលទៅដល់ប្រទេសចិន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: