អន្តរជាតិ

ប៉ាគីស្ថានសម្រេចប្រកាសអាសន្នក្រោយជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋជាង ៩០០នាក់និងបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង ៣៣លាននាក់

BY
Pheakdey
August 27, 2022

ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសម្រេចប្រកាសអាសន្នអំពីបញ្ហាទឹកជំនន់ ក្រោយគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយនេះបានសម្លាប់ប្រជាពលរដ្ឋប៉ាគីស្ថានអស់ជាង​ ៩០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian នៅថ្ងៃសុក្រ​ ទី២៦ ខែសីហានេះបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញស្លាប់ក្នុងចំនួនដ៏ច្រើនហើយ បញ្ហាទឹកជំនន់ក៏បានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា ៣៣លាននាក់ផ្សេងទៀតផងដែរ ក្នុងចំណោមពលរដ្ឋប៉ាគីស្ថានសរុបជាង ២២០លាននាក់។

 

គួរបញ្ជាក់ថា ទឹកជំនន់នៅក្នុងប្រទេប៉ាគីស្ថានបានបង្កឡើងដោយសារតែភ្លៀងមូសុងបានបន្តធ្លាក់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែចុងក្រោយនេះ ខណៈបរិមាណទឹកភ្លៀងដែលបានធ្លាក់នោះត្រូវបានគេមើលឃើញថា ជាបរិមាណទឹកដ៏ច្រើនបំផុតនិងអាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប៉ាគីស្ថានផងដែរ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងឆ្នាំនេះប្រទេសប៉ាគីស្ថានបានជួយប្រទះនឹងគ្រោះធម្មជាតិក្នុងកម្រិតអាក្រក់មិនធ្លាប់មានជាបន្តបន្ទាប់ ដោយកាលពីដើមឆ្នាំប៉ាគីស្ថានបានប្រឈមជាមួយនឹងរលកកម្តៅក្នុងកម្រិតខ្ពស់មិនធ្លាប់មាន ពោលគឺសីតុណ្ហភាពបានកើនដល់កម្រិត ៥១អង្សាសេ ខណៈពេលនេះកំពុងប្រឈមនឹងទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Guardian

Share This Post: