អន្តរជាតិ

អាមេរិកគម្រោងលក់អាវុធដែលមានតម្លៃ ១,១ពាន់លានដុល្លារឲ្យទៅកោះតៃវ៉ាន់

BY
Pheakdey
August 30, 2022

អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃឌិន គ្រោងនឹងស្នើសុំសភាអាមេរិកឲ្យអនុម័តលើគម្រោងលក់អាវុធដែលមានតម្លៃរហូតដល់ ១,១ពាន់លានដុល្លារអាមេរិកឲ្យទៅកោះតៃវ៉ាន់។ បើយោងតាមការចុះផ្សារបស់របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហានេះបានឲ្យដឹងថា អាវុធដែលអាមេរិកគ្រោងលក់ទៅឲ្យកោះតៃវ៉ាន់នោះរួមមាន មីស៊ីលសម្រាប់បាញ់នាវាចម្បាំងចំនួន ៦០ មីស៊ីលសម្រាប់កម្ទេចយន្តហោះចម្បាំងចំនួន ១០០ និងអាវុធទំនើបៗមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ជូនថា គម្រោងលក់អាវុធខាងលើនេះត្រូវបានធ្វើឡើងស្របពេលនេះចិននិងតៃវ៉ាន់ហាក់កំពុងមានភាពតានតឹងជាមួយគ្នា ពោលគឺចិនបានដាក់សម្ពាធទៅលើកោះតៃវ៉ាន់ជាបន្តបន្ទាប់ ក្រោយពេលកោះតៃវ៉ាន់បើកទ្វារទទួលស្វាគមន៍វត្តមានប្រធានរដ្ឋសភាអាមេរិកគឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាលពីប៉ុន្មានសប្តាហ៍មុននេះ។ កាលពីថ្ងៃច​ន្ទ ទី២៩ ខែសីហាម្សិលមិញនេះ កោះតៃវ៉ាន់បានចោទប្រកាន់ចិនថាគឺជាចោរ ក្រោយចិនបានបង្ហោះយន្តហោះគ្មានមនុស្សបើកនៅក្បែរកោះតៃវ៉ាន់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតៃវ៉ាន់។ យ៉ាងណាក្តី ចិនបានច្រានចោលការចោទប្រកាន់នោះនិងបានអះអាងថាយន្តហោះគ្មានមនុស្សបើករបស់ចិននោះមិនបានបង្កការរំខានដល់កោះតៃវ៉ាន់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: