អន្តរជាតិ

ប៉ាគីស្ថានត្រូវខាតបង់ប្រាក់ ១០ពាន់លានដុល្លារដោយសារជំនន់ទឹកភ្លៀង ខណៈពលរដ្ឋជាង ១ពាន់នាក់ត្រូវបាត់បង់ជីវិតនិង ៣៣លាននាក់កំពុងរងផលប៉ះពាល់

BY
Pheakdey
August 30, 2022

ប៉ាគីស្ថាន៖ ក្រសួងផែនការរបស់ប៉ាគីស្ថានកាលពីថ្ងៃចន្ទ ទី២៩ ខែសីហានេះបានប្រាប់ឲ្យដឹងថា ការបំផ្លាញដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះអាចមានតម្លៃជាទឹកប្រាក់រហូតដល់ ១០ពាន់លានដុល្លារអាមេរិកឯនោះ។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយផ្អែកលើកការបំផ្លាញជាក់ស្តែងចំពោះផលដំណាំរបស់ប្រជាកសិករ ផ្លូវថ្នល់ ផ្ទះសម្បែង ស្ពាន អាគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ហើយគេនៅមិនទាន់បានសិក្សាអំពីប៉ះពាល់ក្នុងរយៈពេលវែងនៅឡើយទេ ខណៈបញ្ហាប្រឈមអាចនឹងបន្តកើតមានជាច្រើនបន្ថែមទៀតក្រោយពេលទឹកស្រកទៅវិញអស់។

ក្រៅតែពីបានបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងផលដំណាំហើយ គិតត្រឹមពេលនេះទឹកជំនន់ក៏បានឆកយកជីវិតពលរដ្ឋប៉ាគីស្ថានអស់ជាង ១ពាន់នាក់ផងដែរ ខណៈពលរដ្ឋប្រមាណជា ៣៣លាននាក់ផ្សេងទៀត ឬស្មើនឹង ១៥%នៃចំនួនប្រជាពលរដ្ឋសរុបជាង ២២០លាននាក់កំពុងរងផលប៉ះពាល់និងការរំខានពីទឹកជំនន់យ៉ាងខ្លាំងផងដែរ។ សូមបញ្ជាក់ផងដែរថា  ទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានបានបង្កឡើងដោយសារភ្លៀងមូសុងបានបន្តធ្លាក់យ៉ាងច្រើននិងជារៀងរាល់ថ្ងៃនៅក្នុងរយៈជាងមួយខែចុងក្រោយនេះ ហើយគ្រោះធម្មជាតិមួយនេះគឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតមិនធ្លាប់កើតមានសម្រាប់ប៉ាគីស្ថានផងដែរ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: