អន្តរជាតិ

កូរ៉េខាងត្បូងព្រមានជាផ្លូវការថានឹងចាត់វិធានការខ្លាំងក្លា ប្រសិនបើកូរ៉េខាងជើងហ៊ានបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ

BY
Pheakdey
September 2, 2022

អាមេរិក៖ កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញានេះថា ខ្លួននិងប្រទេសដែលជាសមភាគីចំនួន ២ផ្សេងទៀតរួមមានអាមេរិកនិងជប៉ុននឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុត ប្រសិនបើប្រទេសកូរ៉េខាងជើងបន្តបាញ់សាកល្បងអាវុធនុយក្លែអ៊ែរជាបន្តទៀត។ ការថ្លែងព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Kim Sung ទីប្រឹក្សាផ្នែកសន្តិសុខជាតិកូរ៉េខាងត្បូងនិងបានថ្លែងនៅក្នុងឱកាសដែលរូប​​លោកបានអញ្ជើញទៅចូលរួមកិច្ចពិភាក្សាត្រីភាគីជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកគឺលោក Jake Sullivan និង លោក Akiba Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ខណៈកិច្ចពិភាក្សាដ៏ពិសេសនេះបានរៀបចំឡើងនៅឯទីក្រុង Hawaii  សហរដ្ឋអាមេរិក។

យ៉ាងណាក្តី លោក Kim Sung មិនបានប្រាប់ឲ្យច្បាស់ទេថា វិធានការដែលប្រទេសជាសមភាគីទាំង ៣ខាងលើគ្រោងដាក់ចេញចំពោះកូរ៉េខាងជើងនឹងមានទម្រង់យ៉ាងណានោះទេ តែលោកគ្រាន់តែបញ្ជាក់ថាវិធានការនោះនឹងក្តៅហើយខ្លាំងក្លាជារាល់ដង។ គួររម្លឹកជូនថា ប្រទេសកូរ៉េខាងជើងបានប្រកាសជោគជ័យក្នុងការផលិតអាវុធនុយក្លេអ៊ែរចាប់តាំងពីឆ្នាំ ២០១៧​ ម្លេះ ហើយគិតមកត្រឹមពេលនេះទីក្រុងព្យុងយ៉ាងធ្លាប់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៦ ដងរួចហើយ ខណៈកូរ៉េខាងជើងក៏គ្រោងនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់ទៀតផងដែរនៅពេលខាងមុខ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះគេនៅមិនទាន់ឃើញប្រទេសកូរ៉េខាងជើងមានប្រតិកម្មតបយ៉ាងណានោះទេចំពោះការព្រមានជាផ្លូវការពីសំណាក់កូរ៉េខាងត្បូងខាងលើនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: