អន្តរជាតិ

របាយការណ៍មួយបង្ហាញថា ពលរដ្ឋអង់គ្លេសជាច្រើនសម្រចកាត់បន្ថយការចំណាយមិនសូវចាំបាច់របស់ពួកគេដើម្បីទប់ទល់នឹងវិបត្តិអតិផរណា

BY
Pheakdey
September 6, 2022

អង់គ្លេស៖ របាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ​ ទី៦ ខែសីហានេះបានឲ្យដឹងថា​ ពលរដ្ឋអង់គ្លេសជាច្រើននាក់បាននាំគ្នាកាត់បន្ថយការចំណាយមិនសូវចាំបាច់របស់ពួកគេ ក្រោយអតិផរណានៅអង់គ្លេសបានកើនឡើងដល់កម្រិតដ៏ខ្ពស់មួយ។ របាយការណ៍ដែលជាការស្ទង់មតិក្នុងចំណោមអ្នកដើរទិញទំនិញក្នុងផ្សារជាច្រើននាក់នោះបានបង្ហាញថា ពលរដ្ឋអង់គ្លេសសម្រេចកាត់បន្ថយការចំណាយរបស់ពួកគេទៅលើការទិញសំលៀកបំពាក់ ការដើរកំសាន្ត ការជួបជុំ ការទិញសម្ភារៈតុបតែងលម្អខ្លួន និងសម្ភារៈជាច្រើនទៀតដែលមិនសូវសំខាន់ខ្លាំងសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ទន្ទឹមគ្នាពលរដ្ឋអង់គ្លេសបាននាំគ្នាយកចិត្តទុកដាក់ទៅលើការចំណាយសំខាន់ៗជាច្រើន ដូចជាការចំណាយលើចំណីអាហារ ភ្លើងអគ្គិសនី ប្រេងឥន្ទនៈ និងហ្គាល ដែលកំពុងឡើងថ្លៃយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ គួរកត់សម្គាល់ថា ចាប់តាំងពីរុស្ស៊ីផ្តើមឈ្លានពានចូលទឹកដីអ៊ុយក្រែនមក រុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ននិងប្រេងទៅកាន់បណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសនៅតំបន់អឺរ៉ុបតែម្តង ដែលកត្តានេះបានធ្វើឲ្យតម្លៃទំនិញមួយចំនួននៅលើពិភពលោកត្រូវឡើងថ្លៃ ហើយដោយបូកផ្សំជាមួយនឹងផលប៉ះពាល់ដោយវិបត្តិកូរីដ-១៩ខ្លះទៀតផងនោះ ប្រទេសមួយចំនួនត្រូវប្រឈមនឹងបញ្ហាអតិផរណានិងវិបត្តិសេដកិច្ចធ្ងរធ្ងរតែម្តង។ ជាក់ស្តែងកម្រិតអតិរផណានៅក្នុងអង់គ្លេសបានកើនឡើងរហូតដល់ ១០%ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែចុងក្រោយនេះ ខណៈអ្នកជំនាញបានព្យាករណ៍ថា នៅឆ្នាំ ២០២៣ខាងមុខនេះវិបត្តិអតិផរណានៅអង់គ្លេសអាចនឹងកើនដល់កម្រិត ២២%ទៀតផង ប្រសិនបើហ្គាលនិងប្រេងឥន្ទនៈនៅតែបន្តឡើងថ្លៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: