តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅចិនកើនឡើងដល់ ៧៤នាក់, ២៦នាក់បាត់ខ្លួន និងជាង ១ម៉ឺននាក់ត្រូវជម្លៀសខ្លួន
- BY
- Pheakdey
- September 7, 2022
ចិន៖ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសចិនបានកើនដល់ ៧៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៧ ខែកញ្ញានេះ។ ក្រៅតែពីមានការកើនឡើងចំពោះតួលេខអ្នកស្លាប់បាត់បង់ជីវិត អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនក៏បានរកឃើញអ្នករងរបួសនិងបាត់ខ្លួនបន្ថែមទៀតផងដែរ ដោយគិតតត្រឹមនេះតួលេខអ្នករងរបួសគឺមានចំនួន ២៥៩នាក់ ខណៈអ្នកបាត់ខ្លួនវិញមានចំនួន ២៦នាក់ តែអាជ្ញាធរនៅមិនទាន់បញ្ជាក់អត្តសញ្ញាណអ្នកបាត់ខ្លួនទាំងអស់នោះឲ្យបានច្បាស់លាស់នៅឡើយទេ។

ប្រភពខាងលើបានបន្តថា គ្រោះធម្មជាតិដ៏កម្រនេះក៏បានបង្ខំឲ្យពលរដ្ឋចិនប្រមាណជា ១១,០០០នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីទៅស្នាក់នៅកន្លែងដែលមានសុវត្ថិភាពជាបណ្តោះអាសន្នផងដែរ។ គួររម្លឹកជូនថា កាលពីរសៀលថ្ងៃចន្ទ ទី៥ ខែកញ្ញា កន្លងទៅនេះមានគ្រោះរញ្ជួយដីកម្រិតចន្លោះពី ៦,៦-៦,៨រ៉ីចទ័រ បានកើតឡើងនៅចំកណ្តាលស្រុក Luding ក្នុងក្រុង Chengdu នៃខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ទន្ទឹមនឹងមានការរញ្ជួញដីនៅតំបន់កើតហេតុមួយនេះក៏មានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងផងដែរ ហើយគេបានព្យាករណ៍ថាអាកាសធាតុអាក្រក់នេះនឹងបន្តកើតមានរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ខណៈគិតត្រឹមពេលនេះប្រតិបត្តិការណ៍ស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះរបស់អាជ្ញាធរចិននៅមិនទាន់បិទបញ្ចប់នៅឡើយទេ៕





អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






