ម៉ាឡេស៊ីសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងអគារឬទីកន្លែងបិទជិត
- BY
- Pheakdey
- September 7, 2022
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធ ទី៧ ខែសីហានេះបានសម្រេចលុបចោលកាតព្វកិច្ចតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅក្នុងអាគារឬទីកន្លែងបិទជិតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងអាគារឬទីកន្លែងបិទជិតនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយករណីឆ្លងនៅតាមទីតាំងទាំងនេះមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺប្រភពនៃការចម្លងមេរោគនៅតាមទីតាំងទាំងអស់នេះលែងជាក្តីព្រួយបារម្ភខ្លាំងរបស់អាជ្ញាធរទៀតហើយ។

យ៉ាងណាក្តី ការពាក់ម៉ាស់នៅតែជាកាតព្វកិច្ចចំពោះពលរដ្ឋម៉ាឡេស៊ីគ្រប់រូបនៅពេលដែលពួកគេធ្វើដំណើរតាមមធ្យោបាយសាធារណៈដូចជារថយន្តក្រុង និងរថភ្លើង និងនៅក្នុងបរិវេណមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលថែទាំវេជ្ជសាស្រ្តដែលជាកន្លែងមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគ។ យ៉ាងណាក្តីក៏ដោយចុះ ពលរដ្ឋម៉ាឡេស៊ីនៅតែអាចបន្តពាក់ម៉ាស់បានគ្រប់ទីកន្លែង ប្រសិនបើពួកគេគិតថាជារឿងចាំបាច់សម្រាប់ការពារសុខភាពឬអនាម័យផ្លូវដង្ហើមរបស់ពួកគេតែការពាក់ម៉ាស់នោះគឺគ្រាន់តែជាជម្រើសរបស់ពួកគេតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជិត ៥លាននាក់ និងស្លាប់សរុបជាង ៣,៦ម៉ឺននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






