អន្តរជាតិ

អាយុថ្លៃមែន! លោកយាយអាយុ ៨១ឆ្នាំម្នាក់រអិលជើងធ្លាក់ចូលទន្លេអស់៤ម៉ោង និងហូរតាមទឹកចម្ងាយ ២០គីឡូម៉ែត្រ តែមានសំណាងនៅរស់មានជីវិត

BY
Pheakdey
September 7, 2022

ថៃ៖ លោកយាយអាយុ ៨១ឆ្នាំម្នាក់ត្រូវបានគេចាត់ទុកថាជាមនុស្សមានអាយុថ្លៃបំផុត ក្រោយរូបគាត់បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេអស់រយៈពេល ៤ម៉ោង និងបានហូរតាមទឹកក្នុងចម្ងាយ ២០គីឡូម៉ែត្រ តែរូបគាត់នៅមានសំណាងអាចនៅរស់មានជីវិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹ​ងថា លោកយាយដែលមានសំណាងខ្ពស់រូបនេះមានឈ្មោះថា Ree រស់នៅក្នុងតំបន់ Ban Pom ក្រុង Phra Nakhon Si Ayutthaya ដែលតំបន់ដែលនៅជាប់នឹងមាត់ទន្លេចៅប្រាយ៉ាក្នុងប្រទេសថៃ។

ប្រភពខាងលើបានបន្តថា កាលពីម៉ោង ៣ យប់ថ្ងៃអង្គារ ទី៦ ខែកញ្ញាកន្លងទៅនេះ លោកយាយ Ree បានរអិលជើងធ្លាក់ទៅក្នុងទន្លេដោយពេលនោះរូបគាត់បានអោបកន្រ្តកសម្រាប់ដាក់ត្រីដែលអាចអណ្តែតលើទឹកជាប់នឹងខ្លួនមួយផង។ ៤ម៉ោងក្រោយមក ពោលគឺនៅម៉ោង ៧ ព្រឹកក្រុមអ្នកនេសាទបានប្រទះឃើញលោកយាយនៅអណ្តែងក្នុងទឹកតែម្នាក់ឯងហើយគេក៏បានជួយសង្គ្រោះគាត់ ខណៈបើគេគិតពីផ្ទះរបស់គាត់ដែលជាកន្លែងគាត់បានធ្លាក់ចូលទឹកទន្លេមកដល់កន្លែងដែលគេបានជួយសង្គ្រោះគាត់នេះគឺមានចម្ងាយ ២០គីឡូម៉ែត្រឯណោះ។​

ក្រោយជួយសង្គ្រោះលោកយាយចេញពីទឹកទន្លេហើយគេក៏បាននាំគាត់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យផងដែរ តែរូបគាត់គ្មានបញ្ហាសុខភាពអ្វីនោះទេ។ យ៉ាងណាក្តី លោកយាយ Ree មិនបានពន្យល់ច្បាស់អំពីរបៀបដែលគាត់អាចបណ្តែតខ្លួនលើទឹកបានយូរដូចនេះទេ ហើយអ្វីដែលគេអាចដឹងពីគាត់នោះគឺគាត់ជាអ្នកចេះហែលទឹកនិងធ្លាប់មានបទពិសោធន៍ហែលទឹកទន្លេតាំងពីក្មេងម្លេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: