ទុរេនគ្មានគុណភាពជិត ៤០តោន ត្រូវអាជ្ញាធរថៃឃាត់ទុកនៅច្រកព្រំដែន ខណៈជនខិលខូចកំពុងព្យាយាមនាំចេញទៅក្រៅប្រទេស
- BY
- Pheakdey
- September 9, 2022
ថៃ៖ យ៉ាងហោចណាស់មានឈ្មួញចំនួន ២នាក់ កំពុងប្រឈមនឹងការដាក់ទោសពីសំណាក់អាជ្ញាធរថៃ ក្រោយពេលពួកគេបានព្យាយាមនាំយកផ្លែទុរេនគ្មានគុណភាពទៅលក់ក្នុងប្រទសចិន ដោយមានបិទស្លាកសញ្ញាថា “ផ្លែឈើថៃ”។ បើតាមនាយកដ្ឋានកសិកម្មថៃបានបញ្ជាក់ថា ជនខិលខូចទាំង ២នាក់នោះ គឺជាឈ្មួញកណ្តាលដែលបានដើរប្រមូលទិញផ្លែទុរេន ពីប្រជាកសិករនៅក្នុងខេត្ត Chumphon ក្នុងតម្លៃថោកៗ ពោលគឺក្នុងតម្លៃប្រមាណជា ៤០-៥០បាត (១.១០-១.៤០ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ដើម្បីលក់បន្តទៅកាន់ទីផ្សារក្នុងប្រទេសចិនក្នុងតម្លៃដ៏ខ្ពស់ ដ្បិតពួកគេបានប្រើប្រាស់ស្លាកសញ្ញាថ្លែឈើថៃ ដែលជាផលិតផលមានគុណភាពខ្ពស់។

យ៉ាងណាក្តី បើតាមការពិនិត្យរបស់មន្ត្រីគយនៅច្រកព្រំដែនថៃបានរកឃើញថា ទុរេនដែលមានទម្ងន់សរុប ៣៨តោននោះ គឺជាផ្លែឈើដែលគ្មានគុណភាពទាល់តែសោះ ពោលគឺជាប្រភេទផ្លែឈើមិនទាន់ទុំល្អ មានដង្កូវ មេរោគ និងមានផ្ទុកនូវសារធាតុពុលទៀតផង។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា សកម្មភាពទុច្ចរិតរបស់ជនខិលខូចទាំង ២នេះខាងលើនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្លែឈើថៃយ៉ាងខ្លាំង ដ្បិតក្រោយពេលអតិថិជនទិញទុរេនទាំងនេះយកទៅបរិភោគរួច គឺពួកគេនឹងលែងហ៊ានទិញផលិតផលផ្លែឈើថៃនៅពេលក្រោយទៀតហើយ បើទោះជាផលិតផលថ្លែឈើនោះមានគុណភាពល្អក៏ដោយ។ យ៉ាងណាក្តី អាជ្ញាធរថៃមិនបានបញ្ជាក់ថា ជនខិលខូចទាំង ២នាក់នោះ នឹងត្រូវទទួលទោសកម្រិតណានោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Bangkok Post
- Share This Post:






