អន្តរជាតិ

ញូវយ៉កប្រកាសដាក់ក្រុងក្នុងគ្រាមានអាសន្នជុំវិញករណីរីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង

BY
Pheakdey
September 10, 2022

អាមេរិក៖ អភិបាលក្រុងញូវយ៉ក សហរដ្ឋអាមេរិក​បានប្រកាសដាក់ក្រុងក្នុងគ្រាមានអាសន្នហើយកាលពីថ្ងៃសុក្រម្សិលមិញនេះជុំវិញករណីរីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ការសម្រេចទាញសញ្ញាអាសន្នរបស់ក្រុងញូវយ៉កនៅពេលនេះគឺត្រូវបានធ្វើឡើយក្រោយក្រុមអ្នកជំនាញបានរកឃើញសំណាកនៃមេរោគជំងឺគ្រុនស្វិតដៃជើងចំនួន ៥៧ករណីនៅក្នុងប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់ជាច្រើនបើផ្អែកលើការស្រាវជ្រាវចាប់តាំងពីខែឧសភាមកដល់ខែសីហានេះ។

គួររម្លឹកជូនផងដែរថា កាលពីខែកក្កដាកន្លងទៅទីក្រុងញូវយ៉កបានរកឃើញករណីអ្នកកើតជំងឺគ្រុនស្វិតដៃជើងមួយករណី ដែលជាករណីដំបូងបំផុតផងដែរបើសម្រាប់ក្រុងញូវយ៉កបើគិតចាប់តាំងពីឆ្នាំ ២០០០មក។ នៅចំពោះមុខបញ្ហានេះអភិបាលក្រុង​ញូវយ៉កគឺលោកស្រី Kathy Hochul បានដាក់ចេញនូវវិធានការបន្ទាន់រជាច្រើនដើម្បីសម្របសម្រួលឲ្យក្រុមគ្រូពេទ្យគ្រប់កម្រិតអាចជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងទៅកាន់ពលរដ្ឋគោលដៅឲ្យបានទាន់ពេលវេលា ពោលគឺមុនពេលដែលមេរោគអាច​ចម្លងទៅកាន់រាងកាយមនុស្សបាន៕

លោកស្រី Kathy Hochul អភិបាលក្រុងញូវយ៉ក

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: