អន្តរជាតិ

ហួសចិត្ត! ស្ត្រីម្នាក់ធ្លាក់ខ្លួនឈឺទៅមន្ទីរពេទ្យស្រាប់តែរកឃើញថា អតីតស្វាមីបានលួចលក់ក្រលៀនរបស់គាត់ក្នុងពេលដែលគាត់ចូលវះកាត់តាំងពី ៤ឆ្នាំមុនម្លេះ

BY
Pheakdey
September 10, 2022

ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់មានជំងឺត្រូវទៅព្យាបាលនៅក្នុងមន្ទីរពេទ្យស្រាប់តែបានរកឃើញរឿងរ៉ាវដ៏សែនហួសចិត្តមួយគឺអតីតស្វាមីរបស់គាត់បានលួចលក់ក្រលៀនរបស់គាត់ទាំងពី ៤ឆ្នាំមុនម្លេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ស្រ្តីជាជនរងគ្រោះរូបនេះមានឈ្មោះ Ranjita Kundu អាយុ ៣១ឆ្នាំ ហើយមុនពេលបែកធ្លាយរឿងរ៉ាវមិនគួរឲ្យនឹកស្មានដល់ខាងលើនេះគឺស្រ្តីរងគ្រោះមានអាការៈឈឺពោះយ៉ាងខ្លាំង ហើយក៏បានសម្រេចទៅមន្ទីរពេទ្យ ដើម្បីពិនិត្យនិងព្យាបាលអាការឈឺពោះនោះ តែគាត់មិនបានគិតដល់ការពិនិត្យក្រលៀននោះទេ។

យ៉ាងណាក្តី ស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺបានតម្រូវឲ្យខាងមន្ទីរពេទ្យត្រូវពិនិត្យផ្នែកជាច្រើននៅក្នុងរាយកាយរបស់គាត់រហូតគេបានរកឃើញថា ក្រលៀនមួយចំហៀងរបស់គាត់បានបាត់ទៅហើយ។ បន្ទាប់មកគេក៏បន្តធ្វើសាកសួរអ្នកជំងឺនិងពិនិត្យករណីនេះឡើងវិញទើបរកឃើញការពិតថា កាលពី ៤ឆ្នាំមុនស្រ្តីជាជនរងគ្រោះធ្លាប់ធ្វើការវះកាត់បញ្ហាគ្រោះក្នុងតម្រង់នោមនៅក្នុងមន្ទីរពេទ្យឯកជនមួយ ហើយនៅក្នុងអំឡុងពេលនោះអតីតស្វាមីរបស់គាត់ក៏បានសម្រេចលួចលក់ក្រលៀនមួយជំហៀងរបស់គាត់ដោយមិនឲ្យគាត់ដឹងនោះទេ។

ក្រោយលួចលក់ក្រលៀនរបស់ប្រពន្ធបានលុយរួចហើយ ៨ខែក្រោយបុរសជាប្តីនោះក៏បានលែងលះប្រពន្ធនិងបានទៅរៀបការជាមួយស្រ្តីម្នាក់ផ្សេងទៀតបាត់។ សូមបញ្ជាក់ថា ពេលនេះប៉ូលិសឥណ្ឌាកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះដើម្បីតាមចាប់អតីតប្តីរបស់ស្រ្តីរងគ្រោះ ហើយរូបគាត់និងគ្រូពេទ្យដែលវះកាត់យកក្រលៀនរបស់ស្រ្តីរងគ្រោះដោយគ្មានការអនុញ្ញាតនោះអាចប្រឈមនឹងការទទួលទោសយ៉ាងធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: