ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់នៅប៉ាគីស្ថានកើនដល់ជាង ១,៤០០នាក់ ខណៈភូមិរាប់រយត្រូវទឹកលេចបាត់អស់រហូតលែងអាចកំណត់ទីតាំងបាន

    BY Pheakdey September 10, 2022
    តួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់នៅប៉ាគីស្ថានកើនដល់ជាង ១,៤០០នាក់ ខណៈភូមិរាប់រយត្រូវទឹកលេចបាត់អស់រហូតលែងអាចកំណត់ទីតាំងបាន

    ប៉ាគីស្ថាន៖ ទឹកជំនន់នៅតែបន្តគំរាមគំហែងប្រទេសប៉ាគីស្ថាន ខណៈរបាយការណ៍ចុងក្រោយមួយបានដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញានេះបានឲ្យដឹងថា ពលរដ្ឋប៉ាគីស្ថានមួយចំនួនមើលលែងដឹងថាភូមិរបស់ពួកគេនៅទីណាទៀតហើយ ពោលគឺមើលទៅទីណាក៏ឃើញតែផ្ទៃទឹកទាំងអស់។ ទឹកជំនន់ដ៏ធំនេះត្រូវបានគេមើលឃើញថា ជាវិនាសកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសប៉ាគីស្ថាននោះទេ ហើយបើយោងទៅតាមការវាយតម្លៃជាបឋមគឺគ្រោះធម្មជាតិដ៏អាក្រក់នេះបានធ្វើឲ្យប៉ាគីស្ថានត្រូវខាតបង់ប្រាក់អស់ប្រមាណជា ៣០ពាន់លានដុល្លារឯណោះក្នុងរយៈជាង ១ខែមកនេះ។

    គិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋប៉ាគីស្ថានអស់ជាង ១,៤០០នាក់ ផ្លូវប្រវែងប្រមាណជា ៧,០០០គីឡូម៉ែត្រត្រូវបំផ្លាញ ស្ពានចំនួន ២៥៦កន្លែងត្រូវខូចខ្ទេចខ្ទីអស់ ផ្ទះនិងជីវកម្មប្រហែល ២លានកន្លែងត្រូវបានបំផ្លាញទាំងស្រុង ហើយអ្វីដែលគួរឲ្យសង្វែកបំផុតនោះគឺភូមិរាប់រយកន្លែងត្រូវបានទឹកលេចបាត់អស់ទាំងម្តង ដែលធ្វើឲ្យពលរដ្ឋជាម្ចាស់ស្រុកមើលលែងស្គាល់ថា ទីតាំងមួយណាជាភូមិរបស់ពួកគាត់ទៀតហើយ។ ជាងនេះទៅទៀតទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ជីវិតរស់នៅប្រចាំថ្ងៃនិងការប្រកបរបរចិញ្ចឹមជីវិតចំពោះពលរដ្ឋប្រមាណជា ៣៣លាននាក់ផ្សេងទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: