អន្តរជាតិ

គ្រោះរញ្ជួយដីចំនួន ២បានកើតឡើងនៅតំបន់ភាគខាងលិចឥណ្ឌូនេស៊ីនិងបង្ខំឲ្យពលរដ្ឋជាង ២០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
September 12, 2022

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដាម្សិលមិញនេះមានគ្រោះរញ្ជួយដីចំនួន ២ បានកើតឡើងនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ដោយគ្រោះរញ្ជួយដីទី ១បានកើតឡើងក្នុងកម្រិត ៦,១ រ៉ិចទ័រ ហើយបន្តិចក្រោយគ្រោះរញ្ជួយមួយបន្ថែមទៀតក៏បានកើងឡើងក្នុងកម្រិត ៥,៣ រ៉ិចទ័រ។ ចំពោះទីតាំងដែលជាកន្លែងកើតហេតុវិញគឺតំបន់កោះ Mentawai ដែលស្ថិតនៅភាគលិចខេត្ត Sumatra ខណៈគ្រោះរញ្ជួយដីបានធ្វើឲ្យញ័រដីក្នុងកជ្រៅរហូតដល់ ២៧គឺឡូម៉ែត្រឯណោះ។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃគ្រោះធម្មជាតិមួយនេះបានធ្វើឲ្យពលរដ្ឋឥណ្ឌូនេស៊ីម្នាក់បានរងរបួសធ្ងន់ ក្រោយមានឈើមួយផ្ទាំងធំបានធ្លាក់ចំពីលើក្បាលរបស់គាត់។ ក្រៅតែពីមានអ្នករងរបួសក៏មានពលរដ្ឋប្រមាណជា ២០០នាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន។ ចំពោការខូចខាតវិញគឺមានសាលារៀន ផ្ទះសម្បែង និងមណ្ឌលសុខភាពមួយចំនួនត្រូវបានបំផ្លាញ តែយ៉ាងណាក្តីគិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះណាម្នាក់បានស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: