ឥណ្ឌូនេស៊ីកំពុងពិចារណាទិញប្រេងឥន្ទនៈពីរុស្ស៊ីមកប្រើប្រាស់ ក្រោយតម្លៃប្រេងសាំងក្នុងប្រទេសខ្លួនកើនឡើង ៣០%
- BY
- Pheakdey
- September 12, 2022
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាចូលរួមជាមួយប្រទេសឥណ្ឌានិងប្រទេសចិនដើម្បីទិញប្រេងឥន្ទនៈរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះ។ បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានថ្លែងថា រដ្ឋាភិបាលភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកគ្រប់វិធីដើម្បីដោះស្រាយវិបត្តិនៃការកើនឡើងតម្លៃប្រេងសាំងនៅក្នុងប្រទេស ហើយនៅពេលនេះជម្រើសល្អបំផុតដែលឥណ្ឌូនេស៊ីអាចធ្វើបាននោះគឺមានតែបញ្ជាទិញប្រេងសាំងដោយផ្ទាល់ពីប្រទេសរុស្ស៊ីតែម្តង។

គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះតម្លៃប្រេងសាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងរហូតដល់ ៣០% បើធៀបទៅនឹងរយៈពេលកាលពីឆ្នាំមុន ហើយការកើនឡើងនៃតម្លៃប្រេងសាំងនេះក៏បានជំរុញឲ្យឥណ្ឌូនេស៊ីត្រូវប្រឈមនឹងវិបត្តិអតិផរណាក្នុងកម្រិតដ៏ខ្ពស់ផងដែរ។ គេនៅចាំបានថា នាពេលកន្លងមកធនាគារកណ្តាលឥណ្ឌូនេស៊ីធ្លាប់បានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំនេះឥណ្ឌូនេស៊ីនឹងត្រូវប្រឈមជាមួយវិបត្តិអតិផរណាក្នុងកម្រិតចន្លោះពី ២-៤ % តែយ៉ាងណាក្តី គិតត្រឹមពេលនេះកម្រិតអតិរណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់កម្រិត ៤,៤៦ឯណោះ ខណៈក្រុមអ្នកជំនាញបានអះអាងថា កម្រិតអតិផរណានៅឥណ្ឌូនេស៊ីនឹងបន្តកើនឡើហខ្ពស់ជាងនេះទៀត ប្រសិនបើប្រេងសាំងនៅតែបន្តឡើងថ្លៃបន្ថែមទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






